រឿង ផ្សែងអ័ព្ទ

ចែករំលែក៖

យើងនាំគ្នាស្ពាយអីវ៉ាន់ចាំបាច់ដែលអាចយកទៅតាមខ្លួនបាន ហើយអីវ៉ាន់ណាយកមិនកើតយើងបោះចោលខ្លះ រួចធ្វើដំណើរសំដៅទៅខេត្តព្រៃវែង។ មនុស្សច្រើនណាស់ធ្វើដំណើរតាមផ្លូវ ពេលខ្លះយើងត្រូវដើរកាត់ព្រៃពេលខ្លះកាត់តាមវាល ហើយមិនយូរប៉ុន្មានយើងបានមកដល់អ្នកលឿងដែលជាព្រំប្រទល់ខេត្តកណ្ដាលនិងព្រៃវែង។ មនុស្សច្រើនណាស់ធ្វើដំណើរតាមដងផ្លូវ ពេលខ្លះយើងដើរកាត់ព្រៃ ពេលខ្លះកាត់តាមវាល ហើយមិនយូរប៉ុន្មានយើងបានមកដល់កំពង់ចម្លងអ្នកលឿង ដែលជាព្រំប្រទល់ខេត្តកណ្ដាលនិងព្រៃវែង។ ទូកជាច្រើនបានមកចម្លងយើង ហើយកងទ័ពអាវខ្មៅមួយក្រុមធំបានជួយជញ្ជូនឥវ៉ាន់ដាក់លើទូកនិងជួយចម្លងមនុស្សទាំងអស់មិនឲ្យសេសសល់សូម្បីតែម្នាក់។ យើងត្រូវធ្វើដំណើរបន្តទៅមកទៀតយប់កន្លែងណាសម្រាកកន្លែងហ្នឹង។ មិនយូរប៉ុន្មានគ្រួសាររបស់ខ្ញុំត្រូវបានជម្លៀសដល់ស្រុកកំពុងត្របែក។ យើងរស់នៅឃុំប្រាសាទ ក្បែរឃ្លាំងចាស់មួយនៅពោធិ៍អជ្ញាស្រី។ ខ្មែរក្រហមប្រើឲ្យគ្រួសាររបស់យើងទៅកាប់ដើមប្រចាក់នៅក្បែរទីនោះដែលមានដើមប្រចាក់ដុះច្រើនអនេកលើដីទំហំរាប់ហិចតា។ខ្មែរក្រហមឱ្យយើងធ្វើការតាំងពីព្រលឹមទល់ព្រលប់គ្មានបានសម្រាកស្រួលឡើយ។ គ្រួសាររបស់ខ្ញុំស្នាក់នៅទីនោះបានត្រឹមតែពីរថ្ងៃ ក៏ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅឃុំអន្សោងវិញម្ដង។ យើងត្រូវបានអង្គការចាត់ឲ្យទៅស្នាក់នៅ ជាមួយនឹងគ្រួសារមួយដែលមានសមាជិក ៤ នាក់ សរុបទៅគឺប្រាំបីនាក់។ ពេលជួបម្ចាស់ផ្ទះប៉ារបស់ខ្ញុំបាននិយាយទៅកាន់ពួកគេថា លោកបង! អ្នកបងអើយ! គ្រួសារខ្ញុំសូមផ្ញើខ្លួន ផ្ញើប្រាណផង យើងត្រូវបានជម្លៀសមកពីឆ្ងាយមិនស្គាល់ទិសតំបន់អ្វីទេ សូមជួយយកអាសាគ្រួសាររបស់ខ្ញុំផង។ពួកគេបានឆ្លើយតបមកវិញថា មិនអីទេលោកប្អូន ចាត់ទុកថាយើងជាគ្រួសារតែមួយទៅចុះ។ ចាប់ពីពេលនេះទៅយើងត្រូវប្រឹងប្រែងធ្វើការតាមបញ្ជារបស់អង្គការ។ឥឡូវឆាប់ចូលសម្រាកទៅ ព្រោះស្អែកត្រូវក្រោកឡើងធ្វើការផង។ ឮដូច្នោះហើយ ប៉ារបស់ខ្ញុំបានអរគុណពួកគេដោយការគោរព ហើយបានរៀបចំក្រាលកន្ទេល ចងមុងនៅត្រង់ល្វែងចន្ទ រួចពួកយើងនាំគ្នាចូលសម្រាន។ ពិតជាសំណាងខ្លាំងណាស់ម្ចាស់ផ្ទះលោកមានសន្ដានចិត្តល្អ ព្រមទាំងជួយយកអាសាគ្រួសាររបស់ខ្ញុំដោយមិនរើសអើងទេ។
ព្រហាមឡើង ព្រះអាទិត្យរះភ្លឺច្បាស់ត្រចះល្អអ៊ំ សែមនិងអ៊ំយ៉ាន បាននាំខ្ញុំនិងប៉ាម៉ាក់របស់ខ្ញុំទៅជីកប្រឡាយលើកទំនប់នៅឯបឹងវែង។ ចំណែកឯបញ្ញាវឌ្ឍន៍ប្អូនរបស់ខ្ញុំត្រូវអង្គការយកទៅឲ្យស្នាក់នៅរួមជាមួយកុមារដទៃទៀតដើម្បីរៀនសូត្រអក្សរលេខខ្លះៗ។
ចម្ងាយពីផ្ទះទៅដល់បឹងវែងមានប្រមាណជា ៣ គីឡូម៉ែត្រ ខ្ញុំដើរទម្រាំតែដល់ទន់ជង្គង់រកកលចង់ដួល ប៉ុន្តែយ៉ាងណាខ្ញុំបានជជែកគ្នាលេងខ្លះជាមួយបងយ៉ារី និងយ៉ាដា ធ្វើឱ្យខ្ញុំស្រាកស្រានក្នុងអារម្មណ៍គួរសមដែរ។ មនុស្សម្នាជាច្រើនណែនណាន់តាន់តាប់ដូចហ្វូងគោមានសម្លៀកបំពាក់ពណ៌ខ្មៅនិលកំពុងតែញាប់ដៃញាប់ជើងជីកប្រឡាយលើកភ្លឺ ធ្វើទំនប់យ៉ាងធំដែលគេហៅថាភ្លឺអាង។ ម្នាក់ៗប្រឹងកាប់ដីប្រឹងរែកមិនហ៊ានឈប់ត្អូញត្អែរ ទោះបីជាហត់នឿយយ៉ាងណា ព្រោះខ្លាចអង្គការចោទថាខ្មាំងក្បត់ហើយអូសកយកទៅសម្លាប់។ ដល់ម៉ោងសម្រាកបាយថ្ងៃត្រង់ ក្នុងចិត្តរបស់ខ្ញុំត្រេកអរជាពន់ពេក ព្រោះក្រពះរបស់ខ្ញុំស្រេកឃ្លានខ្លាំងណាស់ដោយសារការចំណាយកម្លាំងច្រើនហួសប្រមាណលើការងារទាំងអស់នោះ។ ខ្ញុំត្រូវហូបរួមជាមួយសមមិត្តទាំងឡាយទៀត។ ឱអនិច្ចាអើយ! បបររាវថ្លាដូចទឹកភ្នែក កូវឹកវាល់វែកហូបមិនគ្រប់គ្រាន់ តើយើងមានកម្លាំងមកពីណាសម្រាប់ធ្វើការនោះបើហូបតែប៉ុណ្ណឹង? តើនរណាអាចទ្រាំទ្ររួច? ឃើញដូច្នោះហើយទឹកភ្នែករបស់ខ្ញុំស្រាប់តែហូរស្រក់ដោយមិនដឹងខ្លួនទាល់តែសោះ។ បងយ៉ារី និងយ៉ាដាបានដើរមកក្បែរខ្ញុំហើយបានសួរនាំថា មិត្តប្អូនកើតអី មិត្តប្អូនមិនស្រួលខ្លួនមែនទេចាំមិត្តបងទៅប្រាប់មេកងសុំការអនុញ្ញាតឱ្យមិត្តប្អូនបានសម្រាក។
ក្រោមកម្ដៅថ្ងៃក្តៅហែងនារដូវប្រាំង មនុស្សម្នាទាំងឡាយខិតខំបំពេញការងារតាមបញ្ជារបស់អង្គការមិនហ៊ានហាមាត់តវ៉ាទេ។ អ្នកខ្លះធ្វើការទាំងខ្លួនមានជំងឺត្រដាបក្រដួស ពេលខ្លះក៏ត្រូវមេកងធ្វើបាប ព្រោះគិតថា ពួកគេលួចខ្ជិលនៅជាប់កម្អែលចក្រពត្តិ។
ថ្ងៃបណ្តើរកូនព្រិចៗ ម្នាក់ៗខំប្រឹងកាប់គាស់រែកទូលហូរញើសជោកអស់ខោអាវ។ នេះហើយគឺជាផែនការយុទ្ធសាស្រ្តរបស់អង្គការដែលត្រូវជីកប្រឡាយលើកទំនប់ភ្លឺស្រែ ព្រោះអង្គការចង់បង្កើតឲ្យមានប្រព័ន្ធធារាសាស្ត្រមិនចង់ធ្វើស្រែប្រវាស់នឹងមេឃ។ ឱផែនការមហាលោតផ្លោះអើយ!ដូចបង្ខំរាស្ត្រឲ្យទៅស្លាប់អ៊ីចឹងពេលណាក៏ខ្ញុំឮមេកងស្រែកបញ្ជាឲ្យយើងទាំងអស់គ្នាធ្វើការវាយសម្រុកសម្រេចផលស្រូវឆ្នាំ ១៩៧៨ខាងមុខ យក៣តោនកន្លះនិង៧តោនក្នុងមួយហិចតាឲ្យបាន មួយរយភាគរយជាដាច់ខាតដែរ។ហ៊ឺ! បដិវត្តន៍ដ៏ស្អាតបរិសុទ្ធអើយ!វិទ្យាសាស្រ្តពិភពលោកដើរដល់ណាដល់ណីហើយ តែបដិវត្តនេះបែរជាវិលត្រឡប់ក្រោយទៅរកលក្ខណៈបុរាណទៅវិញ។ ហ៊ឺ! ប្រែប្រួលអស់ហើយខ្មែរក្រហមបានលុបបំបាត់អស់ហើយវប្បធម៌ដ៏ល្អផង់ ព្រះសង្ឃត្រូវគេសម្លាប់ឬចាប់ផ្សឹក វត្តអារាមខ្លះត្រូវបានកម្ទេចចោល ហើយអង្គការតែងតែនិយាយថា កម្ទេចព្រះមួយអង្គចំណេញស៊ីម៉ងត៍មួយបាវ ជយោអង្គការបដិវត្តន៍ដ៏រុងរឿងរុះផ្ទះក្បឿងទៅនៅផ្ទះស្បូវ ជយោអង្គការដ៏ត្រឹមត្រូវ រុះផ្ទះស្បូវទៅនៅក្នុងព្រៃ។ (នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print