ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានឱ្យដឹងថា ៖ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងបុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វារ និងកម្លាំងប្រជាការពារសង្កាត់ជ្រោយចង្វារ រួមជាមួយនិងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានចុះធ្វើរដ្ឋបាល នៅម្តុំស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ៖ ជាលទ្ធផល គណ:បញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានប្រមូលមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន និងមុខសញ្ញាលួច បានចំនួន ៤នាក់ក្នុងនោះ (ប្រុស ០៣នាក់ ស្រី០១នាក់) រួមទាំងវត្ថុតាងមួយចំនួន។
រដ្ឋបាលខណ្ឌជ្រោយចង្វារ បន្តថា ៖ បច្ចុប្បន្នមុខសញ្ញាទាំង ០៤នាក់ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីបន្ត៕
ដោយ ៖ សិលា