ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីជិះម៉ូតូចេញពីលេងផ្ទះបងរួចជិះត្រឡប់ទៅផ្ទះវិញត្រូវរថយន្តមិនស្គាល់ម៉ាក បើកលឿនមកបុកពីក្រោយម៉ូតូយ៉ាងពេញទំហឹងប៉ើងទៅបុកចូលក្រោមរថយន្តស៊េរីទំនើបមួយគ្រឿងបើកនៅផ្លូវម្ខាងទៀតក្នុងទិសដៅបញ្រ្ចាស់គ្នា ហើយរថយន្តបង្កបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចស្ពានទី១០ ស្ថិតនៅលើផ្លូវជាតិលេខ៦ អា ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង៦:៣០នាទីយប់ ថ្ងៃទី២៦ខែមករា ឆ្នាំ២០២៥។
សពមានឈ្មោះ ប្រុស សេងទ្រី អាយុ២០ឆ្នាំ មុខរបជាងពិដាន រសនៅក្នុងភូមិ ស្វាយអាក់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីមស៊េ១២៥ ពណ៌ខ្មៅ ផ្លាកលេខ 1FB-6478 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកបរក្នុងល្បឿនលឿន មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យមនុស្សនិងម៉ូតូ ខ្ទាតចូលគន្លងម្ខាងទៀត បុកជាមួយរថយន្ត១គ្រឿងម៉ាក GEELY ពាក់ផ្លាកលេខ ភ្នំពេញ 2BY-9034 ដែលបើកបរក្នុងទិសដៅបញ្ជ្រាសទិសគ្នា បណ្តាលឲ្យបុកខ្ទាតចូលមកចំរថយន្តស្លាប់ភ្លាមៗ បង្កជាគ្រោះថ្នាក់តែម្តង ។ ចំណែករថយន្តបង្កដែលមិនស្គាប់ម៉ាកនោះក៏បន្តបើករត់គេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានចុះមកដល់រួចទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះឲ្យចុះមកទទួលយកសពទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នរងចាំការភាគីសងខាងដោះស្រាយនៅពេលក្រោយ រីឯរថយន្តបង្កវិញសមត្ថកិច្ចនិងធ្វើការឆែកឆេរនៃកាមេរ៉ាសុវត្ថិភាពដើម្បីស្រាវជ្រាវនិងឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕ ដោយ: ភារ៉ា ដង្កោ