ខេត្តតាកែវ៖ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវ សូមថ្លែងការកោតសរសើរ ប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះប្រជាពលរដ្ឋ មហាជន ដែលជាអ្នកប្រើប្រាស់ផ្លូវ ដ៏ច្រើនលើសលប់ ដែលមាន ឆន្ទៈចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យ៉ាងផុសផុលក្នុងពេលចរាចរលើដងផ្លូវ ដោយបានចូល រួមចំណែកកាត់បន្ថយការបាត់បង់ជីវិត រងរបួស ខូចខាតទ្រព្យសម្បត្តិ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកន្លងមក។
ដូចនេះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជន ជាតិចិន-វៀតណាម ចាប់ពីថ្ងៃទី ២៨-៣០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ លេខាធិការដ្ឋាន នៃអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវ សូមធ្វើការអំពាវនាវដល់សាធារណៈជន ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដូចខាងក្រោម៖
១- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺផ្លូវ
២- ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងបើកបរប្រកាន់ស្តាំជានិច្ច
៣- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត
៤- ត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែគន្លឹះឱ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរ
៥- មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត និងមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង
៦- មិនត្រូវបើកបរក្នុងស្ថានភាពងងុយជាដាច់ខាត
៧- មិនត្រូវបត់ ឬវ៉ាជែងក្នុងស្ថានភាពប្រថុយប្រថាន ឬធ្វេសប្រហែស
៨- មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់
៩- មិនត្រូវប្រើទូរស័ព្ទ ឬលេងឧបករណ៍អេឡិចត្រូនិច ក្នុងពេលបើកបរយានយន្តគ្រប់ប្រភេទ
១០-សូមកុំឈប់ ឬចតនៅតាមកន្លែងមានគំនូស ឬផ្លាកសញ្ញាហាមឃាត់
១១-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់ និងអធ្យាស្រ័យគ្នា
១២-ត្រូវប្រកាន់ខ្ជាប់នូវពាក្យស្លោក “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” “បើស្រវឹង កុំបើកបរ” “ពលរដ្ឋល្អ បើកបរគោរពច្បាប់ចរាចរណ៍”
លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវ សូមសម្តែងនូវ សេចក្តីសង្ឃឹម និងជឿជាក់លើស្មារតីចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាម សេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុខសុវត្ថិភាព និងសេចក្តីសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីជនជាតិចិន-វៀតណាម ខាងមុខនេះ៕ដោយ៖តារា