សារព័ត៌មាន Reutersបានផ្សាយថា សហរដ្ឋអាមេរិក និងកូឡុំប៊ី បានបោះជំហានថយក្រោយវិញ ចេញពីមាត់ជ្រោះនៃសង្រ្គាមពាណិជ្ជកម្ម កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា បន្ទាប់ពីសេតវិមានបាននិយាយថា កូឡុំប៊ីបានយល់ព្រមទទួលយកយន្តហោះយោធា ដែលដឹកជនអន្តោប្រវេសន៍ បណ្តេញចេញពីអាមេរិក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងពន្ធនិងទណ្ឌកម្ម ប្រឆាំងកូឡុំប៊ី បន្ទាប់ពីប្រទេសអាមេរិកឡាទីនមួយនេះ បានបដិសេធមិនឱ្យជើងហោះហើរយោធាដែលដឹកជនអន្តោប្រវេសន៍បណ្តេញចេញពីសហរដ្ឋអាមេរិកចុះចត។ វាគឺជាផ្នែកមួយនៃចំណាត់ការបង្រ្កាបបញ្ហាអន្តោប្រវេសន៍ដ៏ម៉ឺងម៉ាត់ និងក្នុងទ្រង់ទ្រាយធំរបស់លោក ត្រាំ។
យ៉ាងណាមិញ ក្រោយមក សេតវិមានបាននិយាយថា ខាងកូឡុំប៊ីទីបំផុតបានយល់ព្រមទទួលយកជនអន្តោប្រវេសន៍ទាំងនោះវិញហើយ ដូច្នេះទីក្រុងវ៉ាស៉ីនតោន នឹងមិនចេញវិធានការដាក់ពិន័យ តាមការគំរាមនោះទេ។ ចំណែក កូឡុំប៊ីផ្ទាល់ ក៏បានប្រកាសដែរថា ខ្លួនបានជម្នះភាពជាប់គាំងជាមួយរដ្ឋាភិបាលអាមេរិកហើយ។
គួរបញ្ជាក់ថា កូឡុំប៊ី គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៣ របស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់អាមេរិកឡាទីន ខណៈអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់ របស់កូឡុំប៊ី៕ ដោយធីរីណា
រូបថត: sky news