ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី២៧ ខែមករា ឆ្នាំ២០២៥នេះថា កម្លាំងសមត្ថកិច្ចជំនាញ បានដុតបំផ្លាញចោលនូវគ្រឿងក្នុងមាន់ និងស្លាបមាន់ខូចគុណភាពមិនអនុលោមតាមបទដ្ឋានបច្ចេកទេសចំនួន ៣៤១កេស ស្មើនឹង ៣,៨៩០គីឡូក្រាម។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានបន្ដថា ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ច បានចូលរួមសហការជាមួយមន្ត្រីនៃសាខា(ក.ប.ប)ខេត្តបាត់ដំបងបានធ្វើការដុតបំផ្លាញចោលនូវគ្រឿងក្នុងមាន់និងស្លាបមាន់បង្កកខូចគុណភាពមិនអនុលោមតាមបទដ្ឋានបច្ចេកទេសចំនួន ៣៤១កេស ស្មើនឹង ៣,៨៩០គីឡូក្រាម នៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលវត្ថុទាំងនេះត្រូវសមត្ថកិច្ចធ្វេីការបង្ក្រាបបានកាលពីថ្ងៃទី១១ ខែមករា និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ថ្មីៗនេះ កន្លងទៅនៅក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកថ្មគោល ។
កិច្ចការបង្ការទប់ស្កាត់ដែលអនុវត្តបានដោយមន្រ្តីជំនាញនាពេលនេះគឺមានចំណែកនៃការចូលរួមសហការពីមហាជនផងដែរ ហេីយសមត្ថកិច្ចបន្តស្នេីសុំការចូលរួមសហការជាបន្តទៀតពីមហាជននិងអាជ្ញាធរពាក់ព័ន្ធដេីម្បីសុវត្ថិភាពនិងសុខុមាលភាពរបស់យេីងទាំងអស់គ្នា៕
ដោយ៖តារា