គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ស្វែងរកឃើញសាលាមត្តេយ្យចំនួន៥ វិទ្យាល័យចំនួន៥ និងមន្ទីរពេទ្យបង្អែកកម្រិត១​ កម្រិត២ និងកម្រិត៣ ចំនួន១៥ ដើម្បីបន្តការប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ២០២៤​

ចែករំលែក៖

ភ្នំពេញ÷នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាជិក និងក្រុមការងារបច្ចេកទេសនៃ គ.វ.ជ. ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃការវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤។ កិច្ចប្រជុំនាព្រឹកនេះ ជាការពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈ ចំនួន៥។  ក្នុងនោះ គ.វ.ជ. បានសម្រេចលើបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេចំនួន២៥ ដើម្បីបន្តការប្រកួតប្រជែង តាមរយៈការធ្វើបទបង្ហាញចុងក្រោយ។ សាលាមត្តេយ្យចំនួន៥ វិទ្យាល័យចំនួន៥ និងមន្ទីរពេទ្យបង្អែកកម្រិត១​ កម្រិត២ និងកម្រិត៣ ចំនួន៥ ក្នុងមួយកម្រិត (សរុប១៥ មន្ទីរពេទ្យ) នឹងអញ្ជើញធ្វើបទបង្ហាញដោយផ្ទាល់ ជាមួយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.។

សូមជម្រាបថា ឆ្លងកាត់ការជ្រើសសម្រាំងដំណាក់កាលបឋមនិងដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យ លាភី គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធា រណៈថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើសបេក្ខ ភាពចុងក្រោយចំនួន១០ តាមផ្នែក ឬកម្រិតនីមួយៗ ពោលគឺកម្រិតវិទ្យាល័យចំនួន ១០សាលា កម្រិតសាលាមត្តេយ្យសិក្សាចំនួន ១០សាលា មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ ចំនួន១០ កម្រិត ២ ចំនួន១០ និងកម្រិត៣ ចំនួន១០ ដើម្បីវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងទីតាំងជាក់ស្ដែង។ ក្រោយពីការ វាយតម្លៃដោយផ្ទាល់នៅតាមអង្គភាពនីមួយៗ បេក្ខភាពចំនួន៥ ក្នុងផ្នែកនីមួយៗដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេ នឹងត្រូវធ្វើបទបង្ហាញនៅរាជធានីភ្នំពេញ ដើម្បីទទួលបានចំណាក់ថ្នាក់ចុងក្រោយក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print