ខេត្តបន្ទាយមានជ័យៈមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្ត ចុះអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវដឹងគឺការពារជីវិតអ្នកពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ បើកបរកុំមានជាតិស្រវឹង នេះគឺជាសារដ៏មានសារៈសំខាន់ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមដងផ្លូវសាធារណៈឲ្យបានយល់ដឹងកាន់តែច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោកនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥ មន្ត្រីពាក់ព័ន្ធរួមមានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ក្រុមយុវជនកាកបាទក្រហមខេត្ត បានសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែបើកបរយានយន្តតាមដងផ្លូវជាតិលេខ៥ត្រង់ចំណុច ប្រសព្វកែងច្រកចូលឃុំបត់ត្រង់ ក្នុងស្រុកមង្គលបុរី។ បើតាមការសង្កេតបានឲ្យដឹងថាអ្នកបើកបរម៉ូតូត្រូវបានការពារតិចជាងអ្នកបើកបររថយន្ត ឬនិយាយម្យ៉ាងទៀតថា អ្នកបើកបរម៉ូតូងាយរងគ្រោះជាងអ្នកបើកបររថយន្តដូចនេះនៅក្នុងការប៉ះទង្គិចគ្នាផ្ទាល់ឱកាសរងរបួសឬស្លាប់ភាគច្រើនជាអ្នកបើកម៉ូតូ។
លោក ពុទ្ធញាណ ដារិទ្ធ ដែលជាប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ននិងលោកវរសេនីយ៍ឯក គី មករា ប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ការចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនវៀតណាមនាពេលនេះ គឺក្នុងគោលបំណងឲ្យបងប្អូន ប្រើប្រាស់ដងផ្លូវសាធារណៈ គោរពច្បាប់ថ្នាក់ចរាចរណ៍ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរទាំងអ្នករួមដំណើរ តាមរថយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវនិងបើកបរត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ពិសេសបើកបរយានយន្តគ្រប់ប្រភេទដោយគ្មានជាតិស្រវឹង។ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទីមានការអត់ធ្មត់ គ្មានការប្រមាថក្នុងពេលបើកបរដល់អាយុជីវិតរបស់ខ្លួនឯងក៏ដូចជាអាយុជីវិតរបស់អ្នកដទៃ។
អស់រយៈពេលពេញមួយព្រឹក មន្ត្រីដែលបានធ្វើការចុះអប់រំផ្សព្វផ្សាយនេះយើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែពុំទាន់គោរពច្បាប់ចរាចរណ៍នោះឡើយពិសេស មិនពាក់មួកសុវត្ថិភាព ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្ដា ស្នងការរងខេត្តក៏បានប្រគល់មួក សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕វណ្ណា