ស្វែងយល់ពីអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ!

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានរដ្ឋបាល ជាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងមានតួនាទីធ្វើជាសេនាធិការ ជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អនុក្រឹត្យលេខ ១០៩ អនក្រ.បក ចែងថា អគ្គនាយកដ្ឋានរដ្ឋបាលមានរចនាសម្ព័នចំនួន៧ រួមមាន ១.នាយកដ្ឋានរដ្ឋបាលសរុប ២.នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ៣.នាយកដ្ឋានកិច្ចការដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ៤.នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ ៥.នាយកដ្ឋានបុគ្គលិក ៦.នាយកដ្ឋានបណ្តុះបណ្តាល និង៧.នាយកដ្ឋានមុខងារ និងធនធានមនុស្ស។

ផ្អែកតាមអនុក្រឹត្យដដែលលោកបណ្ឌិតបានឱ្យដឹងថា អគ្គនាយកដ្ឋានរដ្ឋបាល មានភារកិច្ចស្នូលជាច្រើនដូចជា ធានាអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ សិក្សា និងលើកយោបល់ក្នុងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីសម្រាប់ការគ្រប់គ្រងរដ្ឋបាល ថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងលើកអនុសាសន៍អំពីការអនុវត្តគោលនយោបាយកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ។

បន្ថែមលើនេះ អគ្គនាយកដ្ឋាន ត្រូវសហការសម្របសម្រួលក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំប្រព័ន្ធ និងនីតិវិធីសម្រាប់ធ្វើការសម្របសម្រួល និងការដោះស្រាយវិវាទរដ្ឋបាលដែលពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សហការរៀបចំប្រព័ន្ធ និងនីតិវិធីសម្រាប់គាំទ្រដល់ការសម្របសម្រួល និងដោះស្រាយវិវាទនៅមូលដ្ឋាន។ គ្រប់គ្រងសកម្មភាពការងាររបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ និង សម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាដើម។

លោកបណ្ឌិតបានបញ្ជាក់ថា បច្ចុប្បន្ននេះអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃដឹកនាំដោយ ឯកឧត្តម សួស ប្រាថ្នា ជាអគ្គនាយក  និងមានអគ្គនាយករងជាជំនួយការមួយចំនួនទៀត។ បើគិតមកដល់ពេល នេះក្រសួងមហាផ្ទៃមានអង្គភាពចំណុះប្រហាក់ប្រហែល ចំនួន១៥៕

...

ដោយ ៖ លោក សេង បូលីន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print