ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ម្សិលមុិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ០១៨ សហវ.សរ.អហក ស្ដីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី អភិបាលរង មន្ត្រីរាជការ មន្ទីរ ស្ថានប័ន ភាគីពាក់ព័ន្ធ អភិបាល ក្រុង-ស្រុក អាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរ លោក អ៊ុំ រាត្រី មានប្រសាសន៍ថា ដើម្បីឱ្យការអនុវត្តថវិកាមានភាពជឿទុកចិត្តបាន និងប្រព្រឹត្តទៅដោយរលូន ជាពិសេសដើម្បីធានាបាននូវការឆ្លើយតបនឹងតម្រូវការសាច់ប្រាក់បានទាន់ពេល លោក ណែនាំដល់គ្រប់មន្ទីរជំនាញជុំវិញខេត្ត ត្រូវពង្រឹងភាពជាម្ចាស់ក្នុងការរៀបចំគម្រោងកម្មវិធីចំណូល-ចំណាយប្រចាំត្រីមាស សម្រាប់រយៈពេលពេញមួយឆ្នាំ ដែលមានបែងចែកលម្អិតតាមខែ និងតាមគំរូ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃតម្រូវការចំណាយជាក់ស្តែង ទៅតាមប្រតិទិននៃផែនការសកម្មភាពការងារ និងផែនការ លទ្ធកម្ម និងក្នុងក្របខ័ណ្ឌនៃឥណទានថវិកាដែលត្រូវបានកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។
លោក អភិបាលខេត្ត បន្តថា ការរៀបចំកម្មវិធីចំណូល-ចំណាយប្រចាំត្រីមាសបានត្រឹមត្រូវ និងសុក្រឹត ព្រមទាំងការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមកម្មវិធីចំណូល-ចំណាយគឺជាប្រការចាំបាច់បំផុត។
លោក អភិបាលខេត្ត បញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវចំណាយថវិកាថ្នាក់ជាតិសរុបចំនួន ៣៥៣៩៨ប៊ីលានរៀល ត្រូវជា ១៦,៩២% នៃផ.ស.ស កើនចំនួន២,៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤។ ក្នុងន័យនេះដើម្បីធានាបានថា ថវិកាឆ្នាំ២០២៥ ពិតជាបានដើរតួនាទីជាឧបករណ៍ប្រកបដោយប្រសិទ្ធភាព ពិតប្រាកដសម្រាប់អនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ការគ្រប់គ្រងនូវការអនុវត្តថវិកាត្រូវតែហ្មត់ចត់ និងម៉ឺងម៉ាត់ ទាំងក្នុងការគ្រប់គ្រងការប្រមូល និងក្នុងការអនុវត្តចំណាយ ដោយត្រូវពង្រឹងការគោរពច្បាប់ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រង ទ្រព្យសម្បត្តិថ្នាក់ក្រោមជាតិ ច្បាប់ស្តីពីលទ្ធ កម្មសាធារណៈ និងច្បាប់ស្តីពីហិរញ្ញវត្ថុដទៃទៀត ជាពិសេសការអនុវត្តចំណាយត្រូវមានប្រសិទ្ធភាព ចំទិសដៅអាទិភាពពិតប្រាកដ មានភាពសន្សំសំចៃខ្ពស់ និងស្ថិតក្នុងរង្វង់នៃលទ្ធភាពឥណទានថវិកាដែលមាន ។ នេះបើយោងតាមប្រភព ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥៕
ដោយ ៖ សិលា