ខេត្តឧត្តរមានជ័យ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះព្រៃឈើនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅព្រំប្រទល់ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កំពុង ត្រូវបានកាប់បំផ្លាញ ក្រោយពីក្រុមហ៊ុន មួយដែលមានឈ្មោះថា អេលន់គ្រីធិច មានទីតាំងស្ថិតនៅភូមិអូរក្រូច ស្រុកត្រពាំង ប្រាសាទបានកៀរគរប្រជាពលរដ្ឋឲ្យចូល ទៅកាប់ ។
សេចក្តីរាយការណ៍បញ្ជាក់ថា ការកាប់ឈើកំពុងតែធ្វើឡើងយ៉ាងអនាធិបតេយ្យដោយគ្មានការបង្ក្រាប ហើយគេតែងឃើញ តំណាងក្រុមហ៊ុននេះមកប្រមូលទិញពីក្រុមប្រជាពលរដ្ឋ រួចដឹកជញ្ជូនចូលទៅកាន់ ក្រុមហ៊ុន ដើម្បីដឹកបន្តទៅកាន់ដេប៉ូនានានៅខេត្តសៀមរាប និងបន្ទាយមានជ័យ ក្រោមឈ្មោះក្រុមហ៊ុនដែលទទួលបានសិទ្ធិដីសម្បទានមួយនេះ ។
បើតាមប្រភពនិយាយថា ក្រុមហ៊ុនអេលន់គ្រីធិចនេះទទួលបានសិទ្ធិដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលអស់ជាច្រើនឆ្នាំ មកហើយ ហើយបច្ចុប្បន្នព្រៃដែលនៅក្នុងដីសម្បទានត្រូវបានកាប់អស់ហើយ ។ ដូច្នេះ ឈើដែលដឹកចេញពីក្រុមហ៊ុនភាគច្រើន គឺជាឈើដែលយកមកពីខាងក្រៅហើយ ប្រើឈ្មោះក្រុមហ៊ុនដើម្បីនាំចេញឈើដោយស្របច្បាប់ ។
ចំពោះករណីនេះនគរវត្តមិនអាចទាក់ទងស្វែងរកការបំភ្លឺពីភាគីក្រុមហ៊ុនអេលន់គ្រីធិចបានទេនៅព្រឹកម្សិលមិញ។ ដោយ ឡែកលោកឃុន ប៊ុនហេង នាយផ្នែករដ្ឋ បាលព្រៃឈើស្រុកអន្លង់វែង និងស្រុក ត្រពាំងប្រាសាទក៏មិនអាចសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទចូលជាច្រើនដងតែមិនមានអ្នកទទួល ។
ទោះជាយ៉ាងណាក៏ដោយ លោក នៅ សំដារារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទបានថ្លែងថា ក្រុមហ៊ុនខាងលើនេះគឺមាន ច្បាប់ត្រឹមត្រូវ ៕
ដោយ៖ ប៉ែន នួន