ភ្នំពេញ ៖ កម្ពុជា បណ្តេញជនជាតិវៀតណាមសរុបចំនួន ៨២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានលើប្រកាស ស្តីពីការបណ្តេញចេញ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ កន្លងទៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៨២នាក់ (ស្រី២៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានលើប្រកាស ស្តីពីការបណ្តេញចេញ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (បទឃាតកម្មគិតទុកជាមុន, បទសម្រួលប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទលួច)។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបង្ក្រាប និងទទួលពីនាយកដ្ឋានចារកម្ម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ៕
ដោយ ៖ សិលា