ភ្នំពេញ ៖ -តើមូលហេតុអ្វីបានខ្មែរចំណុះឱ្យសៀមនៅសតវត្សទី១៨?សន្តតិវង្សចក្រីនិងឥទ្ធិពលលើកម្ពុជា ៖ នៅក្នុងរាជ្យព្រះបាទឧទ័យ អង្គតន់ ក្នុងឆ្នាំ១៧៦៥ បន្ទាប់ពីភូមាបានចូលឈ្លានពាន និងដុតស្រីអយុធ្យា ចៅហ្វាយខេត្តមេទ័ពកូនកាត់ចិនម្នាក់ ឈ្មោះពញាតាក់ បានកេណ្ឌទ័ពរំដោះ ប្រទេសសៀមពីភូមាបាន ហើយផ្លាស់ព្រះរាជធានីពីស្រីអយុធ្យាមកបាងកក រួចឡើងសោយរាជ្យជាស្តេច។ ពញាតាក់បានបញ្ជាឱ្យព្រះបាទឧទ័យអង្គ តន់លើកសួយសារអាករទៅថ្វាយ តែទ្រង់មិនព្រម។ ក្នុងឆ្នាំ១៧៦៩ ពញា តាក់បានញុះញង់ព្រះអង្គនន់ ដែលរត់ទៅជ្រកនៅជាយដែនសៀម លើក ទ័ពមកច្បាំងនឹងខ្មែរ តាមសមុទ្រផង និងតាមជើងគោកផង។ សៀមបាន ច្បាំងឈ្នះហើយរៀបចំព្រះរាជពិធីអភិសេកថ្វាយព្រះបាទអង្គនន់ឡើង សោយរាជ្យក្នុងឆ្នាំ១៧៧៥។ ក្នុងឆ្នាំ១៧៧៩ ចៅហ្វាយខេត្តទ្រាំង ចៅហ៊្វាមួ បានកេណ្ឌទ័ពវាយចូលក្រុងឧដុង្គ សម្លាប់ព្រះអង្គនន់ ហើយលើកព្រះ អង្គអេង ព្រះជន្ម៦វស្សា ឡើងគ្រងរាជសម្បត្តិ។ ព្រះចៅក្រុងធនបូរី ពញា តាក់បានបញ្ជាឱ្យឧកញ៉ាយោមរាជបែនចូលគាល់ រួចបញ្ជាឱ្យចៅពញា មហាក្សត្រសឹក ដួងលើកទ័ពមកឧដុង្គ ជាមួយបែន ដើម្បីសងសឹក។ ចៅហ៊្វា មូ និងនាហ្មឺនជាបក្សពួកត្រូវបានសម្លាប់ក្នុងសង្គ្រាម។ ក៏ប៉ុន្តែ នៅពេលដែល ព្រះចៅក្រុងធនបូរីបែកកម្មដ្ឋាន រួចចេញទៅបួស ចៅពញាមហាក្សត្រ សឹក ដួងវិលត្រលប់មកប្រទេសសៀមវិញ ដើម្បីសោយរាជសម្បត្តិជាម្ចាស់ ផែនដីក្រុងសៀមក្នុងឆ្នាំ១៧៨២ រួចហើយបញ្ជាឱ្យចាប់ផ្សឹកពញាតាក់ រួច ដាក់ទោសប្រហារជីវិត។ នេះគឺជាដំណាក់កាលថ្មីនៃសម័យកាលរាជវង្ស ចក្រីនៅប្រទេសសៀម ដែលព្រះចៅស្ដេចសៀមយកព្រះនាមជាព្រះរាម ទី១។
ការបែកបាក់ក្នុងជួរឧត្តមមន្ត្រីខ្មែរ ខេត្តបាត់ដំបងនិងសៀមរាបក្រោម ការត្រួតត្រាសៀម ៖ ក្រោយពីបានសម្លាប់ចៅហ៊្វាមូ រួចយោមរាជបែនតាំង ខ្លួនជាសម្ដេចចៅហ៊្វាវិញ។ កម្ពុជាកើតចលាចលម្តងទៀត ដោយចៅហ្វាយខេត្តស្ដេចត្រាញ់ត្បូងឃ្មុំលើកទ័ពមកចូលចាប់ចៅហ៊្វាបែន និងក្រឡាហោម ប៉ុក ដែលជាព្រះធម្មបិតានៃព្រះបាទអង្គអេង។ ចៅហ៊្វាបែន និងក្រឡាហោម ប៉ុកបាននាំព្រះបាទអង្គអេងរត់ (ព្រះជន្ម១០វស្សា) ទៅសៀម។ ស្ដេចសៀម ឃាត់ព្រះអង្គទុករហូតដល់អាយុ២២វស្សា។ ក្នុងឆ្នាំ១៧៩៤ ព្រះអង្គអេង បានរៀបអភិសេកនៅក្នុងព្រះជន្ម២២វស្សានៅទីក្រុងបាងកក។ គ្រឿងបញ្ច ក្សេតជាពិសេស គឺព្រះខ័នរាជ្យ ដែលចៅហ៊្វាបែនបានលួចយកទៅឱ្យសៀម ក៏ត្រូវបង្វិលមកឱ្យខ្មែរវិញនៅដើមខែមីនា ១៧៩៤។ ប្រទេសកម្ពុជាពេល នោះបានបាត់បង់ពួកមន្ត្រីដែលមានសមត្ថភាព និងស្មោះត្រង់ ចំណែកឯ វិស័យការពារប្រទេស យើងក៏គ្មានទ័ពសម្រាប់ការពារខ្លួនទប់ទល់នឹងការ វាយលុកណាមួយពីខាងក្រៅ។ ចំណែកឯវិស័យសេដ្ឋកិច្ចទៀតសោតបាន ធ្លាក់ចុះដុនដាបដោយសង្គ្រាមក្នុងស្រុក។ ស្ដេចសៀមក៏សុំយកខេត្តបាត់ដំបង និងសៀមរាប។ នៅឆ្នាំ១៧៨៣ ស្តេចរាមាទី១តែងតាំងនាហ្មឺនខ្មែរបីរូប គឺ ចៅពញាអភ័យភូបែស បែនឱ្យត្រួតខេត្តបាត់ដំបង កែបជាចៅហ្វាយខេត្ត សៀមរាប និងកនជាចៅហ្វាយខេត្តពោធិ៍សាត់ ហើយត្រូវរាយការណ៍រាល់ កិច្ចការទាំងឡាយ ដោយផ្ទាល់ឱ្យស្ដេចក្រុងសៀម។ ព្រះអង្គអេងមានព្រះ រាជបុត្រា៥ព្រះអង្គ គឺ៖ ព្រះអង្គចន្ទ ព្រះអង្គអឹម ព្រះអង្គស្ងួន ព្រះអង្គអិម និងព្រះអង្គឌួង។
សតវត្សទី១៨ ដែលជាសតវត្សចំណេះដឹងនៅទ្វីបអឺរ៉ុប តែសម្រាប់ កម្ពុជា គឺជាសតវត្សនៃការធ្លាក់ចុះ ការបាត់បង់ឯករាជ្យ សង្គ្រាមដណ្ដើម អំណាច និងសង្គ្រាមវាតទីនៃប្រទេសជិតខាង។ កម្ពុជានៅបន្តជាប្រទេស ដែលមានសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសង្គមបែបបុរាណ ស្ថាប័ននយោបាយ ទន់ខ្សោយ និងកង្វះខាតធនធានមនុស្ស ខ្វះនាហ្មឺនស្មោះត្រង់ មានសមត្ថភាព ដែលអាចដឹកនាំប្រទេសជាតិបាន។
៤-តើមូលហេតុអ្វីបានជាកម្ពុជាធ្លាក់នៅក្រោមការគ្រប់គ្រង និងត្រួតត្រារបស់សៀម និងវៀតណាមនៅក្នុងសតវត្សទី១៩?
នៅក្នុងបរិបទសាកលលោក សតវត្សទី១៩គឺជាសតវត្សឧស្សាហូប-នីកម្មនៅអង់គ្លេស ដែលផ្សព្វផ្សាយទៅប្រទេសផ្សេងទៀតនៅអឺរ៉ុប។ បន្ទាប់ ពីសង្គ្រាមក្នុងស្រុក (១៨៦១-១៨៦៥) សហរដ្ឋអាមេរិកបានចាប់ផ្តើម អភិវឌ្ឍវិស័យឧស្សាហកម្ម ហើយជប៉ុនបានចាប់ផ្តើមយុគសម័យ«មេអិយិ» (Meiji) ដោយបើកទ្វារទទួលយកវិធីសាស្រ្តឧស្សាហកម្ម និងបច្ចេកវិទ្យា ពីបស្ចិមប្រទេស ដោយផ្តោតជាសំខាន់លើផ្លូវដែក វាយនភ័ណ្ឌ និងរ៉ែ។ ការអភិវឌ្ឍផ្តោតជាសំខាន់លើការវិនិយោគក្នុងវិស័យអប់រំ ជាពិសេសការ អប់រំកម្រិតបឋមសិក្សា និងការអប់រំបច្ចេកទេស និងវិស្វកម្ម។
នៅសតវត្សទី១៩ អង់គ្លេស និងបារាំងបានចូលខ្លួនមកជំនួសព័រទុយ-ហ្គាល់ និងហូឡង់នៅអាស៊ី។ អង់គ្លេសបានដាក់អាណានិគមលើឥណ្ឌា នៅឆ្នាំ១៨៥៨ ហើយបារាំងបានចូលមកឧបទ្វីបឥណ្ឌូចិន នៅទសវត្សរ៍ឆ្នាំ ១៨៦០។ ប្រទេសអឺរ៉ុបបានរៀបចំសន្និសីទនៅទីក្រុងប៊ែឡាំង នៅឆ្នាំ១៨៨៤-១៨៨៥ ដើម្បីបែងចែកទ្វីបអាហ្វ្រិក។ បារាំង និងអង់គ្លេសទទួលបានប្រទេស អាណានិគមច្រើនជាងគេ។
នៅក្នុងបរិបទកម្ពុជា សតវត្សទី១៩ គឺជាសតវត្សដែលកម្ពុជាបាត់បង់ នូវឥស្សរភាព ជាប្រទេសឯករាជ្យ។ កម្ពុជាស្ទើរតែបាត់បង់ឈ្មោះពីផែនទី ពិភពលោក។ សង្គ្រាមបានបំផ្លាញដល់ឫសគល់នូវវត្តអារាម ដែលជាកន្លែង បណ្តុះបណ្តាលធនធានមនុស្សដ៏តិចតួចស្តួចស្តើងរបស់កម្ពុជា។ ក៏ប៉ុន្តែ អក្សរសិល្ប៍ពុទ្ធនិយមខ្មែរបានឈានឡើងដល់កម្រិតកំពូល ដោយសារ ប្រជាជនត្រូវការស្នាដៃអក្សរសិល្ប៍ សម្រាប់កម្សាន្តរំងាប់ទុក្ខព្រួយ។
អំណាចក្នុងដៃនាហ្មឺនធំ ៖ ចាប់ពីឆ្នាំ១៧៩៦ដល់១៨០៥មក កិច្ចការ ប្រទេសស្ថិតនៅក្នុងដៃចៅហ៊្វាប៉ុក។ ពេលព្រះអង្គអេងចូលទិវង្គត ព្រះអង្គ ចន្ទជាព្រះរាជបុត្រទើបតែមានព្រះជន្មបាន៦វស្សា។ ដូចនេះកិច្ចការប្រទេស។ នៅមាន(ត) ៕
ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន