រឿង៖ ការចងចាំម្ដាយខ្ញុំ

ចែករំលែក៖

ម្ដាយរបស់ខ្ញុំឈ្មោះសោភ័ណ តែអ្នកផ្ទះរបស់គាត់តែងតែហៅគាត់ថា អាប៉ូច គឺជាកូនស្រីពៅក្នុងចំណោមបងប្អូន៤នាក់ដែលក្នុងនោះមានប្រុសម្នាក់។ គាត់គ្មានឪពុកទេ មានតែម្ដាយរកស៊ីចិញ្ចឹមកូនៗ។ គាត់កើតនៅភូមិដើមជ្រៃឃុំរកាកោង ២ ស្រុកមុខកំពូលខេត្តកណ្ដាល។ ថ្ងៃមួយបន្ទាប់ពីហូបអាហារពេលល្ងាចរួច ខ្ញុំបានសុំឲ្យម្ដាយរបស់ខ្ញុំរៀបរាប់ពីរឿងរ៉ាវជីវិតដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមប្រាប់ដល់ខ្ញុំ។ គាត់បានរំឮករឿងរ៉ាវដែលគាត់នៅចងចាំថា÷

   ថ្ងៃ ១៧ ខែមេសាឆ្នាំ ១៩៧៥ ជាថ្ងៃដែលកងទ័ពអាវខ្មៅវាយយកនិងកាន់កាប់ទីក្រុងភ្នំពេញបានទាំងស្រុង។ ពួកអាវខ្មៅបានប្រកាសឱ្យប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ ចាកចេញពីទីក្រុងជាបន្ទាន់។ ពួកគេប្រកាសប្រាប់ថា បីថ្ងៃក្រោយមកអាមេរិកនឹងទម្លាក់គ្រាប់បែកលើទីក្រុងភ្នំពេញហើយ។

   កាលកងទ័ពខ្មែរក្រហមវាយបែកភ្នំពេញ ខ្ញុំមានវ័យប្រមាណ ១៤ ឆ្នាំ។ គ្រួសាររបស់ខ្ញុំជាប្រជាជនមូលដ្ឋាន អង្គការមិនបានឲ្យពួកយើងចេញទៅណាឆ្ងាយពីភូមិនោះទេ។ ចំណែកការរស់នៅរបស់យើងក៏មិនសូវជាលំបាកដូចប្រជាជនចំណូលថ្មីដែលទើបតែជម្លៀសមកពីភ្នំពេញដែរ។

   ចូលដល់ឆ្នាំ ១៩៧៦ ក្រុមគ្រួសាររបស់ខ្ញុំលែងបានរស់នៅជួបជុំគ្នាទៀត។ ម្ដាយរបស់ខ្ញុំត្រូវអង្គការចាត់តាំងឲ្យនៅត្បាញក្រមា បន្ទាប់មកត្រូវផ្លាស់ឲ្យទៅរស់នៅក្នុងខ្ទមតូចមួយឯចុងភូមិ។ បងផាន ដែលជាបងប្រុសធំរបស់ខ្ញុំត្រូវអង្គការផ្សំផ្គុំឲ្យរៀបការកាលពីចុងឆ្នាំ ១៩៧៥ ហើយមិនយូរប៉ុន្មានបន្ទាប់ពីរៀបការរួចគាត់ត្រូវអង្គការផ្លាស់ឲ្យទៅរស់នៅក្នុងសហករណ៍នៅឯស្ពានថ្មីជាមួយប្រពន្ធរបស់គាត់។ ចំណែកបងប៉ិចដែលជាបងស្រីទី ២ ត្រូវអង្គការចាត់តាំងឲ្យធ្វើជាពេទ្យប្រចាំភូមិចុងព្រែក។ បងប៉ុកវិញ ជាបងស្រីទី៣ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាគ្រូបង្រៀននយោបាយដល់ក្មេងៗនៅរកាកោង១ ។ រីឯរូបខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យចូលក្រុមកងកម្លាំងទី១។ កងកម្លាំងទី ១គឺជាកម្លាំងជួរមុខ ទីកន្លែងណាត្រូវជីកប្រឡាយ ស្ដារប្រឡាយ និង លើកទំនប់ គឺច្បាស់ជាមានវត្តមានខ្ញុំនៅទីនោះហើយ។

   ថ្ងៃមួយកងរបស់ខ្ញុំប្រហែលជា ២៥ នាក់ត្រូវបានអង្គការចាត់តាំងឲ្យទៅជីកប្រឡាយមួយខ្សែនៅឯស្រុកអូរាំងឪ។ ពេលជិតបញ្ចប់ផែនការជីកប្រឡាយ ស្រាប់តែមានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅកន្លែងធ្វើការរបស់ខ្ញុំ។ នៅពេលដែលខ្ញុំកំពុងញាប់ដៃកាយដីដាក់បង្គី ស្រាប់តែមានសំឡេងកាំភ្លើងលាន់ឡើងនៅក្បែរខ្លួនរបស់ខ្ញុំ។ ខ្ញុំឈរភាំងព្រោះមិត្តក្នុងក្រុមម្នាក់ត្រូវបានឈ្លបខ្មែរក្រហមបាញ់សម្លាប់ដួលក្បែរជើងរបស់ខ្ញុំ។ ពេលឈ្លបបាញ់សម្លាប់រួចហើយ គេបានស្រែកបញ្ជាឲ្យខ្ញុំ និងមិត្តម្នាក់ទៀតដែលកំពុងកាប់ដីក្បែរនោះសែងខ្មោចនោះយកទៅបោះចូលក្នុងរណ្តៅនៅក្បែរការដ្ឋាន។ មិត្តដែលធ្លាប់ធ្វើការជាមួយគ្នា ដេកក្នុងខ្ទមជាមួយគ្នា ពេលនេះស្លាប់ទៅហើយ។ ចំណែកខ្ញុំក៏ត្រូវមកសែងសាកសពរបស់គាត់យកទៅទម្លាក់ក្នុងរណ្ដៅដោយផ្ទាល់ដៃទៀត។

   ក្រោយពីបញ្ចប់ផែនការនៅអូររាំងឪ ក្រុមកម្លាំងទី១របស់ខ្ញុំនៅសល់តែ ២៤ នាក់ទេ ហើយត្រូវបន្តដំណើរទៅធ្វើការនៅការដ្ឋានថ្មីឯខាងស្វាយអន្ទរហួសទៅខេត្តស្វាយរៀងមុននឹងវិលត្រឡប់មកឃុំរកាកោងវិញ។ពេលមួយនោះប្រធានសហករណ៍នៅឯរកាកោងបានចាត់តាំងឲ្យខ្ញុំនឹងគ្នីគ្នាចំនួន១០ នាក់ទៀតអុំទូកឆ្លងទៅបេះបន្លែនៅកោះមួយទល់មុខវត្តរកាកោង។ នៅលើកោះនោះមានបន្លែជាច្រើន ហើយសំបូរត្រកួនណាស់។ ខ្ញុំឃើញមានរងដំឡូងជ្វាដែលកសិករទើបនឹងភ្ជួររួច ព្រោះស្នាមគន្លងដីនៅថ្មីៗនៅឡើយ។

   ដំឡូងចេញមើមធំៗប៉ុនកំភួនដៃរបស់ខ្ញុំ។ ចំណែកផ្លែពោតធំៗល្អណាស់ដែរ។ ក្នុងចិត្តខ្ញុំស្រមៃថាប្រសិនបានដំឡូងនិងពោតទាំងនោះមកដុតហូប មិនដឹងជាឆ្ងាញ់យ៉ាងណានោះទេ។ ប៉ុន្តែមិនអាចឡើយការស្រមៃនៅតែជាការស្រមៃ ព្រោះថាបើសិនជាខ្ញុំឬមិត្តណាម្នាក់ហ៊ានហូបដំឡូងនោះច្បាស់ជាត្រូវអង្គការយកទៅកសាងជាមិនខាន។

...

   ពេលល្ងាចមកដល់ យើងត្រូវដឹកជញ្ជូនបន្លែដែលបេះបានតាមទូកវិលត្រឡប់មករកាកោងវិញ។  ត្បិតថា បន្លែបេះបានច្រើនមានទាំងពោត និងដំឡូង ប៉ុន្តែយើងមិនដែលបានហូបឆ្អែតនោះទេ។  របបអាហារដែលយើងទទួលបានបន្ទាប់ពីការរែកដី លើកទំនប់ និងជីកប្រឡាយហាលថ្ងៃ ហាលភ្លៀងទាំងឈឺទាំងជា គឺបានត្រឹមតែបបរមួយចានរាវៗតែប៉ុណ្ណោះ។ ពេលខ្លះយើងមានសម្លដែរហើយបើជាសម្លត្រកួនវិញ គឺស្លទាំងឫសគ្មានបេះសម្អាតអ្វីឡើយ។ បើជាសម្លដើមចេក គឺហាន់ទាំងកង់ៗធ្វើឲ្យសម្លនោះមើលទៅដូចបបរបាយជ្រូកអ៊ីចឹង។( នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print