ប្រវត្តិសាស្រ្តខ្មែរសម័យមុនអង្គរ (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅលើទឹកដីខ្មែរមិនដែលមានរដ្ឋឯកភាពតែមួយឡើយ តែគឺជាបណ្ដុំនៃរដ្ឋ តូចៗជាច្រើន។ បើយោងតាមមតិនេះ ហ្វូណន និងចេនឡា គឺជារដ្ឋពីរដាច់ ពីគ្នា ហើយការធ្លាក់ចុះនៃហ្វូណនមិនមែនបណ្តាលមកពីការឈ្លានពាន របស់ចេនឡាឡើយ គឺដោយសារការធ្លាក់ចុះនៃតួនាទីនៃកំពង់ផែអូរកែវ និង ការកើនឡើងនៃការដាំដុះស្រូវ នៅតាមតំបន់វាលរាប និងនៅតាមតំបន់ បឹងទន្លេសាប។

ខ-អាណាចក្រហ្វូណននៅអាស៊ីអាគ្នេយ៍

ហ្វូណនអភិវឌ្ឍឡើង ដោយឈរលើមូលដ្ឋានពីរ គឺ ៖ (១) មជ្ឈ មណ្ឌលពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ និង (២) ការបង្កើតឡើងនូវវប្បធម៌ ឥណ្ឌា-ខ្មែរ។ ការទទួលវប្បធម៌ឥណ្ឌាមានប្រភពចំនួនពីរសំខាន់ គឺពាណិជ្ជ កម្ម និងសាសនា។

នៅខាងដើមគ្រិស្តសករាជ អាណាចក្រភ្នំ ដែលជាភាសាចិនហៅ ថា ហ្វូណន គឺជារដ្ឋសំខាន់ជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រភពឯកសារស្តីពី ហ្វូណន បានមកពីពង្សាវតានៃប្រទេសចិន ដោយសារស្ដេចចិនបុរាណ បានបញ្ជូនបេសកជនមកកាន់ហ្វូណន និងផ្លាស់ប្តូរពាណិជ្ជកម្មជាមួយ រដ្ឋចំណាស់មួយនេះ។ ពង្សាវតាចិនបានបញ្ជាក់ពីទីតាំងហ្វូណន ថា៖ «អាណាចក្រហ្វូណនស្ថិតនៅភាគខាងត្បូងនៃទឹកដី រីណាន (អាណាចក្រ បុរាណ Nan Yue) នៅក្នុងឈូងសមុទ្រខាងលិចនៃមហាសមុទ្រ (ឈូង សមុទ្រថៃ)។ នៅទីនោះមានទន្លេធំមួយ (ទន្លេមេគង្គ) ដែលហូរពីទិសខាង លិច ចាក់ចូលក្នុងសមុទ្រ។ ទឹកដីហ្វូណនមានទំហំ៣០០០លីការ៉េ (រង្វាស់ ចិន)។ គេអាចទៅដល់ទីនោះ តាមផ្លូវដីក៏បាន ផ្លូវទឹកក៏បាន»។

តាមឯកសារប្រវត្តិសាស្ត្រឡាងបានឱ្យដឹងថា ៖ «ទីប្រជុំជន (រាជ-ធានី?)នៃហ្វូណនស្ថិតនៅចូលខាងក្នុងជ្រៅប្រមាណ៥០០លី (២០០គម) ពីសមុទ្រ»។ ប្រភពមួយទៀតបង្ហាញថា៖ «រាជធានីហ្វូណនមានឈ្មោះថា Te Mu (វ្យាធបុរៈ)។ ក៏ប៉ុន្តែ បន្ទាប់ពីទីក្រុងនេះត្រូវបានចេនឡាចូលកាន់ កាប់ នៅឆ្នាំ ៥៣៥ រាជធានីត្រូវបានរើទៅនៅឯ Nafuna។ ប្រវត្តិវិទូ Coedès (១៩៦៨:៦៥) បកស្រាយថា រាជធានីរបស់អាណាចក្រភ្នំ គឺ វ្យាធបុរៈ (បុរី នៃស្តេចទាក់ដំរី) ដែលស្ថិតនៅម្តុំបាភ្នំ ក្នុងខេត្តព្រៃវែងសព្វថ្ងៃនេះ។ ក៏ប៉ុន្តែ លោក Vickery (១៩៩៨:២៩) បដិសេធអំណះអំណាងនេះ ដោយយោង លើសិលាចារឹកបាភ្នំ ដែលមានកាលបរិច្ឆេទក្រោយសម័យហ្វូណន (ឆ្នាំ ៦៥៥) ហើយតំបន់នេះមានឈ្មោះថា បន្ទាយព្រៃនគរ គឺមិនអាចជារាជធានី របស់ហ្វូណនបានឡើយ។ លោក Claude Jacques បានអះអាងថា រាជធានី របស់ហ្វូណនគួរតែជាអង្គរបុរី (៩០គមពីសមុទ្រ) ឬភ្នំដា ហើយមិនមែន បាភ្នំឡើយ ដោយសារតែបាភ្នំស្ថិតនៅឆ្ងាយពីអូរកែវ (Oc Eo) ដែលជាទីក្រុង ផែដ៏សំខាន់នៅសម័យហ្វូណន។ ហ្វូណនលាតសន្ធឹងពីតំបន់មេគង្គខាង ក្រោមដល់ទន្លេសាប។ ប្រជាជនហ្វូណនសាងសង់ប្រព័ន្ធប្រឡាយទឹកខ្ចាត់ ខ្វែង ដែលប្រើប្រាស់សម្រាប់នាវាចរណ៍។ អ្នកស្រុកហ្វូណនប្រើប្រាស់ ប្រព័ន្ធប្រឡាយ ដើម្បីតភ្ជាប់ប្រាសាទសាសនាទាំងឡាយនៅក្នុងសម័យនោះ ព្រមទាំងភ្ជាប់អូរកែវទៅនឹងមាត់សមុទ្រ ដែលមានប្រវែង១១គីឡូម៉ែត្រ។ ការ ធ្លាក់ចុះនៃហ្វូណន គឺបណ្តាលមកពីប្រជាជនចាប់ផ្តើមចាកចេញពីតំបន់ មាត់សមុទ្រនៅដើមសតវត្សទី៧ ដើម្បីទៅប្រកបរបរធ្វើស្រែចម្ការនៅក្នុង តំបន់វាលទំនាបជិតបឹងទន្លេសាប។ ប្រការនេះធ្វើឱ្យតួនាទីរបស់អូរកែវធ្លាក់ ចុះ ហើយមជ្ឈមណ្ឌលនយោបាយ និងទីប្រជុំជនបានរើចូលទៅភាគខាង ក្នុងប្រទេសជិតបឹងទន្លេសាប។

អង្គរបុរី ៖ នៅអង្គរបុរី គេឃើញមានប្រឡាយទឹកយ៉ាងវែង ដែល ភ្ជាប់ទៅដល់អូរកែវ ដែលជាកំពង់ផែអន្តរជាតិរបស់ហ្វូណន។ រហូតដល់ ដើមសតវត្សទី៧ អង្គរបុរីបានក្លាយទៅជាមជ្ឈមណ្ឌលនយោបាយ និង សាសនាមួយយ៉ាងធំ។ នៅទីនោះ គេឃើញមានរូបបដិមាទាំងព្រះពុទ្ធ សាសនា ទាំងព្រហ្មញ្ញសាសនា។ នៅក្បែរអង្គរបុរី យើងមានប្រាសាទភ្នំដា ដែលជាប្រាសាទបុរាណរបស់ខ្មែរដែរ។ ដូច្នេះ នៅជំនាន់ហ្វូណន ប្រជាជន ប្រណិបត្តិព្រះពុទ្ធសាសនា ទាំងថេរវាទ ទាំងមហាយាន និងព្រហ្មញ្ញ សាសនា ព្រមៗគ្នាប្រកបដោយភាពសុខដុមរមនា។

អាណាចក្រភ្នំបានទទួលឥទ្ធិពលអរិយធម៌ឥណ្ឌាយ៉ាងខ្លាំងក្លាចំនួន ពីរលើក គឺលើកទីមួយនៅដើមគ.ស.ទី១ និងមួយលើកទៀតនៅដើមគ.ស. ទី៥។ នៅឆ្នាំ ១៩២នៃគ.ស. អាណាចក្រចម្ប៉ាត្រូវបានបង្កើតឡើងនៅត្រង់ វៀតណាមភាគកណ្តាល។ ជនជាតិចាមមានមុខរបរធ្វើជាអ្នកនេសាទសមុទ្រ និងបានធ្វើជំនួញជាមួយឥណ្ឌា ហើយបានទទួលយកព្រហ្មញ្ញសាសនា។ វប្បធម៌ឥណ្ឌា និងចិនចូលកម្ពុជាចាប់តាំងពីសតវត្សទី១នៃគ.ស. ហើយ លើកទី២ នៅសតវត្សទី៣នៃគ.ស.។ នៅអាស៊ីអាគ្នេយ៍នៅពេលនោះ មានអាណាចក្រធំៗពីរគឺ ហ្វូណន និងចម្ប៉ា ដែលទទួលយកព្រហ្មញ្ញ សាសនា។

បើតាមការស្រាវជ្រាវរបស់បណ្ឌិត មីសែល ត្រាណេ វប្បធម៌ និង អារ្យធម៌ខ្មែរមានតាំងពីសម័យបុរេប្រវត្តិ ហើយបានជួបនឹងវប្បធម៌ចិន មុន នឹងមានការហូរចូលនៃវប្បធម៌ឥណ្ឌានាដើមស.វ.ទី១នៃគ.ស.។ ទំនាក់ទំនង ខ្មែរ និងចិនឆ្លុះបញ្ចាំងតាមរយៈស្គរមហោធិក ឬស្គរអារក្សហៅទឹកភ្លៀង ដែលគេបានរកឃើញនៅក្នុងចក្រភពបុរេអង្គរ ក៏ដូចជាក្បាច់ក្បូរលម្អលើ វត្ថុសិល្បៈមួយចំនួន ដូចជាជួង កាំបិត កងដៃ កងជើងជាដើម។ ការផ្សព្វ ផ្សាយវប្បធម៌ឥណ្ឌាប្រព្រឹត្តទៅតាមពីរផ្លូវ ៖ (១) គឺតាមរយៈពួកឈ្មួញ ដែលខិតខំរៀនសូត្រភាសាអ្នកស្រុកដើម ហើយខ្លះក៏បានរៀបមង្គលការ ជាមួយជនជាតិដើម និង (២) គឺតាមរយៈសាសនា និងពួកបញ្ញវន្តខ្មែរក្នុង វណ្ណៈខ្ពស់។
ឥណ្ឌាភាវូបនីយកម្ម ឬការទទួលធាតុផ្សេងៗនៃវប្បធម៌ឥណ្ឌាបាន កើតមានឡើងចាប់តាំងពីស.វ.ទី១ មុនគ.ស.

មកម៉្លេះ ពោលគឺក្នុងពេល ជាមួយគ្នានឹងពាណិជ្ជកម្មជាមួយចិនដែរ ដោយឈរលើមូលដ្ឋាននៃការវិភាគវត្ថុសិល្បៈបុរាណ ដូចជាអង្គា កុលាលភាជន៍ និងកំណត់ហេតុផ្សេងៗ។ នរវិទូបានបែងចែកឥណ្ឌាភាវូបនីយកម្មជាពីរប្រភេទ ៖ ប្រភេទទី១ គឺតាម រយៈការប្រើប្រាស់ភាសាសំស្ក្រឹត ច្បាប់ និងព្រហ្មញ្ញសាសនា និងប្រភេទ ទី២ គឺតាមរយៈស្រុកភូមិ ទំនៀមទម្លាប់ និងជំនឿអ្នកស្រុក។

តួនាទីពាណិជ្ជកម្មនៃឥណ្ឌាភាវូបនីយកម្ម ៖ ពាណិជ្ជកម្មដើរតួនាទី យ៉ាងសំខាន់ក្នុងការហូរចូលនៃវប្បធម៌ឥណ្ឌា។ អាណាចក្រភ្នំ គឺជាអាណា ចក្រតូចមួយ តែជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ ហើយកំពង់ផែអូរកែវដើរតួនាទីយ៉ាងសំខាន់នៅក្នុងពាណិជ្ជកម្មនេះ។ កំពង់ ផែអូរកែវ គឺជាកំពង់ផែដ៏សំខាន់របស់អាណាចក្រហ្វូណន ហើយគឺជាផែ អន្តរជាតិដ៏ធំមួយនៅអាស៊ីអាគ្នេយ៍។ កំណាយនៅអូរកែវបានរកឃើញនូវ សម្ភារមកពីឥណ្ឌា ដែលជាចំណុចចាប់ផ្តើមនៃឥណ្ឌានីយកម្ម។ ជនជាតិ ឥណ្ឌាដែលមកកាន់អាណាចក្រហ្វូណន មានជនភៀសខ្លួន ក៏ដូចជាឈ្មួញ ដែលមករក ទិញមាស គ្រឿងប្រណីត និងគ្រឿងទេស។

អារ្យធម៌ហ្វូណនមានលក្ខណៈផ្សេងពីឥណ្ឌា ទោះបីជាចាប់ផ្តើម មានឥណ្ឌានីយកម្មក្តី។ ដូច្នេះហើយ ទើបគេហៅអារ្យធម៌នេះថា ជា អារ្យធម៌ខ្មែរ-ឥណ្ឌា។ ហ្វូណនមានប្រព័ន្ធប្រមូលពន្ធ ប្រព័ន្ធតុលាការ បណ្ណាល័យ សម្លៀកបំពាក់ កសិកម្ម សិប្បកម្ម និងពាណិជ្ជកម្ម។ អ្នកស្រុក ហ្វូណនគោរពបូជាព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។

អាណាចក្រភ្នំមានការរៀបចំផ្នែកនយោបាយតាមបែបឥណ្ឌា។ ព្រះ រាជាមានឋានន្តរនាមជា ក្រុងភ្នំ ព្រោះយកតាមភ្នំ ដែលព្រះអង្គគង់យាង ឡើងទៅធ្វើសក្ការៈចំពោះព្រះ មហេស្វរៈ និងមានតម្កល់លិង្គព្រះ គិរិស គឺ ឈ្មោះព្រះឥសូរដែលសណ្ឋិតនៅលើភ្នំនោះ។ នៅក្នុងវិស័យនយោបាយ ក្រៅប្រទេស អាណាចក្រភ្នំបានចងស្ពានមេត្រីជាមួយប្រទេសធំៗ ដូចជា ប្រទេសឥណ្ឌា និងប្រទេសចិន។ អ្នកប្រាជ្ញបារាំង លោក Louis Malleret បានធ្វើកំណាយនៅស្ថានីយអូរកែវហើយរកឃើញខឿនសំណង់ផ្សេងៗ ៕

...

ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print