គ្រូបង្វឹកលោក Gerrard ចាកចេញពីក្លិប Al-Ettifaq បន្ទាប់ពីដឹកនាំ១៨ខែ

ចែករំលែក៖

លោក Steven Gerrard បានចាកចេញពីតួនាទីរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Al-Ettifaq ដោយការយល់ព្រមទៅវិញទៅមក បន្ទាប់ពីគ្រប់គ្រងរយៈពេល១៨ខែ។ អតីតគ្រូបង្វឹក Aston Villa និង Rangers រូបនេះបានចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីតក្នុងខែកក្កដា ឆ្នាំ២០២៣។

អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស និង Liverpool លោក Gerrard បានចុះកិច្ចសន្យាបន្តរយៈពេល២ឆ្នាំដល់កិច្ចសន្យាដំបូងរបស់គាត់ក្នុងខែមករា ឆ្នាំ២០២៤ ដោយចុះកិច្ចសន្យាជាមួយក្លិបរហូតដល់ឆ្នាំ២០២៧។ ប៉ុន្តែ Al-Ettifaq បានឈ្នះតែ៥ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួន១៧ លើករបស់ពួកគេនៅរដូវកាលនេះ ដោយទុកឱ្យពួកគេឈរពីលើតំបន់កាត់ចោលចំនួន៥ពិន្ទុ។

លោក Gerrard បាននិយាយថា “បាល់ទាត់គឺមិនអាចទាយទុកជាមុនបាន ហើយពេលខ្លះអ្វីៗមិនដូចដែលយើងចង់បាន។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចាកចេញដោយការគោរពដ៏ខ្ពង់ខ្ពស់ចំពោះក្លិប និងប្រទេស។ ខ្ញុំមិនមានការសង្ស័យទេថាការងារដែលកំពុងធ្វើនឹងនាំមកនូវភាពជោគជ័យនាពេលអនាគត ហើយខ្ញុំសូមជូនពរក្រុមឱ្យល្អបំផុតសម្រាប់រដូវកាលដែលនៅសល់”។

លោកបញ្ជាក់ថា “តាំងពីថ្ងៃដំបូងមក ខ្ញុំត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ហើយខ្ញុំរីករាយនឹងឱកាសទៅធ្វើការនៅប្រទេសថ្មីដែលមានវប្បធម៌ប្លែក។ សរុបមក ខ្ញុំបានរៀនច្រើន ហើយវាជាបទពិសោធន៍វិជ្ជមានផ្ទាល់ខ្លួន និងសម្រាប់គ្រួសាររបស់ខ្ញុំផងដែរ”។

ប្រធានក្លិប Al-Ettifaq លោក Samer Al Misehal បាននិយាយថា លោក Gerrard បានផ្លាស់ប្តូរក្លិប។ ពេលខ្លះអ្វីៗមិនដំណើរការដូចការគ្រោងទុក ប៉ុន្តែមូលដ្ឋានគ្រឹះដ៏រឹងមាំដែលគាត់បានជួយសាងសង់នឹងធានានូវអនាគតដ៏ភ្លឺស្វាងនៅក្នុងរយៈពេលវែង។ គាត់បានផ្លាស់ប្តូរក្លិបឱ្យកាន់តែប្រសើរឡើង ហើយវានឹងមិនអាចបំភ្លេចបានឡើយ។ ការសម្រេចចិត្តនេះធ្វើឡើងដោយការគោរពគ្នាទៅវិញទៅមក និងការព្រមព្រៀងគ្នាគឺស្ថិតនៅក្នុងផលប្រយោជន៍ដ៏ល្អបំផុតរបស់ទាំង Steven និងក្លិបនៅពេលដែលយើងឆ្ពោះទៅមុខ”។

បន្ទាប់ពីអាជីពជាតារាបាល់ទាត់ជាមួយ Liverpool និងអង់គ្លេស លោក Gerrard វ័យ៤៤ឆ្នាំបានចាប់ផ្តើមអាជីពជាអ្នកគ្រប់គ្រងរបស់គាត់ជាមួយ Rangers ក្នុងឆ្នាំ២០១៨ ហើយបានដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់ Scottish Premiership ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល១០ឆ្នាំក្នុងឆ្នាំ២០២០-២០២១។

គាត់បានស្នងតំណែងពីលោក Dean Smith ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Aston Villa ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានបណ្តេញចេញ១១ខែក្រោយមក បន្ទាប់ពីឈ្នះតែ១៣លើកប៉ុណ្ណោះក្នុង៤០ប្រកួត។

លោក Gerrard បានដឹកនាំក្រុម Al-Ettifaq ឱ្យទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងរដូវកាលដំបូងរបស់គាត់ ប៉ុន្តែគាត់ចាកចេញជាមួយពួកគេចំណាត់ថ្នាក់ទី១២ក្នុងលីក១៦ក្រុមដោយបានឈ្នះ២៣ប្រកួតក្នុងចំណោម៥៩ប្រកួតរបស់គាត់សរុប។

...

លោក Gerrard ត្រូវបានគេរាយការណ៍ថា ជាអ្នកចាត់ការដែលទទួលបានប្រាក់ឈ្នួលច្រើនបំផុតក្នុងពិភពបាល់ទាត់ក្នុងអំឡុងពេលដែលគាត់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយទទួលបានប្រាក់ខែប្រហែល១៥លានផោនក្នុងមួយឆ្នាំ៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print