ខេត្តព្រះសីហនុ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកព្រឹទ្ឌសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គញភាពជុំវិញខេត្តចំនួន ៦១៩នាក់ នាថ្ងៃព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងពិធីនោះ អភិបាលខេត្តព្រះស៊ីហនុ បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិរបស់ស្ត្រី និងក្មេងស្រី រដ្ឋបាលខេត្តបានបង្កើនចំនួនស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅក្នុង រចនាសម្ព័ន្ធដឹក នាំនៃរដ្ឋបាលខេត្ត ក្រុងស្រុក និងមន្ទីរ-អង្គភាព ព្រម ទាំង បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុខដុមរមនានៅ ក្នុងគ្រួសារ តាមរយៈការទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ ទប់ស្កាត់រាល់ទម្រង់នៃការរើស អើងប្រឆាំងនឹងស្ត្រីនិងអំពើហិង្សាទាក់ទង នឹងយេនឌ័រ អំពើជួញដូរ និងកេងប្រវ័ញ្ចគ្រប់ទម្រង់ជាពិសេសបានចាត់ វិធានការក្នុងការទប់ស្កាត់និងកាត់បន្ថយហានិភ័យនានាដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីនិងក្មេងស្រីនៅតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ពិធីនាថ្ងៃនេះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកដល់សាវតារបស់សមាគម ដោយបានរំលេចប្រវត្តិនៃការកកើតសមាគម រួមទាំងដំណើរវិវត្តរបស់សមាគមតាំងពីដំណាក់កាលចូលរួមពលី រំដោះជាតិ មាតុភូមិ និងការចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ជាបន្តបន្ទាប់ក្នុងសម័យសន្តិភាព។ ស្របពេលជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងនូវគំរូវីរភាព របស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត ចូលរួមអបអរសាទរចំពោះ លោកស្រីគឹម សុភ័ក្ត្រ ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងបានផ្តាំផ្ញើដល់គណៈកម្ម ការសាខាសមាគមនារីខេត្ត ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំ ប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀប របបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោល នយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា»៕