លោកស្រី សេង វណ្ណសាយ ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ត្រូវបន្តយកចិត្តទុកដាក់តាមដាននូវការងារបង្កបង្កើនផលរបស់ប្រជាកសិករ

ចែករំលែក៖

ខេត្តព្រៃវែង៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវវស្សារបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តព្រៃវែង ។

នៅរដូវវស្សាឆ្នាំ២០១៦ នេះ ខេត្តព្រៃវែង មានផែនការផលិតស្រូវលើផ្ទៃដី ចំនួន ២៥០.០០០ ហិកតា ។ តាមរយៈការធ្លាក់រាយប៉ាយនៃទឹកភ្លៀងជាបន្តបន្ទាប់ ចាប់តាំងពីដើមរដូវ និងការផ្គត់ផ្គង់ទឹកយ៉ាងប្រសើរ ដោយហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនានា បានធ្វើឲ្យការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សានៅក្នុងខេត្តព្រៃវែង មកដល់ពេលនេះ សម្រេចបានជិតគ្រប់ផែនការកំណត់ហើយ ។ បើតាមតួលេខក្រៅផ្លូវការគិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សានៅទូទាំងខេត្តព្រៃវែង សម្រេចបានលើផ្ទៃដីចំនួន ២៣០.៥០០ ហិកតា ស្មើនឹងប្រមាណ ៩២ ភាគរយ នៃផែនការ ពោលគឺមានសន្ទុះលឿនជាងឆ្នាំ២០១៥ ប្រមាណ ១៤.២០០ ហិកតា ។

ទោះជាបែបនេះក្តី នៅក្នុងឱកាសចុះពិនិត្យនោះ លោកស្រីរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ឲ្យបន្តយកចិត្តទុកដាក់ ចុះតាមដានជាប់ជាប្រចាំនូវការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ និងត្រូវត្រៀមលក្ខណៈរួចជាស្រេចក្នុងការអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់គាត់ ក្នុងករណីជួបបញ្ហាខ្វះខាតទឹក ៕

12 3 4 5 6

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print