ភ្នំពេញ ៖ ព្រមទាំងវត្ថុផ្សេងច្រើនទៀត មកពីចក្រភពរ៉ូម និងឥណ្ឌា។
តួនាទីសាសនានៃឥណ្ឌាភាវូបនីយកម្ម ៖ នៅសម័យអាណាចក្រភ្នំ ប្រជាជនខ្មែរខ្វះគោរពបូជាព្រហ្មញ្ញសាសនា និងខ្លះទៀតព្រះពុទ្ធសាសនា។ នៅក្នុងព្រហ្មញ្ញសាសនា អ្នកខ្លះគោរពព្រះឥសូរ អ្នកខ្លះគោរពព្រះវិស្ណុ។ ដល់ក្រោយស.វ.ទី៨ ប្រជាជនខ្មែរគោរពព្រះហរិហរៈ ដែលម្ខាងជាឥសូរ និងម្ខាងទៀតជាវិស្ណុ ដែលរូបចម្លាក់ច្រើនធ្វើពីសំរឹទ្ធិ និងថ្ម។
នៅសម័យអាណាចក្រភ្នំ ព្រះពុទ្ធសាសនាមានការរុងរឿងក្រៃលែង ហើយអ្នកស្រុកច្រើនគោរពនិកាយថេរវាទ។ គេបានរកឃើញពុទ្ធរូបជាច្រើន អង្គធ្វើពីសំរិទ្ធិ ពីថ្ម ឬពីឈើ ជារចនាបថភ្នំដានៅអង្គរបុរី ដែលជាមជ្ឈ មណ្ឌលផលិតបដិមាទាំងនោះ។ ព្រះពុទ្ធរូបសម័យនោះដែលរកឃើញ គឺ ព្រះពុទ្ធរូបថ្មនៅវត្តរំលកស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រះពុទ្ធរូបសំរឹទ្ធិនៅ បាណន់ ខេត្តបាត់ដំបង និងព្រះពុទ្ធរូបនៅទួលព្រះធាតុ ខេត្តកំពង់ស្ពឺ។
អាណាចក្រភ្នំប្រើប្រាស់ភាសាសំស្ក្រឹតជាភាសាផ្លូវការ ក៏ប៉ុន្តែ ភាសា ខ្មែរក៏ត្រូវបានគេប្រើប្រាស់ទន្ទឹមនឹងភាសាសំស្ក្រឹតដែរ។ ក្នុងវិស័យជំនឿ សាសនា ប្រជាជននៅអាណាចក្រភ្នំបានកាន់សាសនាធំៗទាំងពីររបស់ ឥណ្ឌា គឺសាសនាព្រាហ្មណ៍ និងពុទ្ធសាសនា។ ព្រះពុទ្ធសាសនាដែលនាំ ចូលមកកាន់អាណាចក្រភ្នំដំបូង គឺព្រះពុទ្ធសាសនាមហាយាន ដែល ប្រើប្រាស់ភាសាសំស្ក្រឹត។ ចំណែកខាងសាសនាព្រាហ្មណ៍ គេឃើញមាន ការគោរពចំពោះព្រះឥសូរ ព្រះវិស្ណុ ព្រះហរិហរៈ (វិស្ណុ និងឥសូរ រួមគ្នា) និងព្រះព្រហ្ម។
នៅក្នុងវិស័យស្ថាបត្យកម្ម ប្រាសាទបុរាណត្រូវបានសាងសង់ពី ដីឥដ្ឋ។ ខឿនសំណង់ផ្សេងៗ ដែលគេបានរកឃើញនៅកំពង់ផែអូរកែវ និង នៅអង្គរបុរីក៏ជាសំណង់ពីឥដ្ឋ។ នៅផ្នែកសិល្បៈបដិមា គេបានរកឃើញ ព្រះពុទ្ធរូប និងទេវរូបជាច្រើននៅតំបន់ភ្នំដា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដូចជាពុទ្ធរូបវត្តរំលក រូបព្រះវិស្ណុ ព្រះពលរាម ព្រះកល្អិន និងព្រះគ្រឹស្ណគោវធ៌នជាដើម។ ស្នាដៃទាំងនេះមានលក្ខណៈជាឥណ្ឌានៅឡើយ។
តាមប្រភពឯកសាររបស់លោក Bernard Philippe Groslier អាណា ចក្រភ្នំមិនគ្រាន់តែមានអំណាចសមុទ្រ និងជំនួញប៉ុណ្ណោះទេ ប្រទេសនេះ បានធានាឱ្យមានធនធាន កសិកម្មរបស់គេយ៉ាងច្រើនបំផុត ដោយរៀបចំ ទឹកដីរបស់គេបានប្រសើរ ដោយឈរលើការប្រឹងប្រែងដ៏មហិមា តាមរយៈ ការបង្កើតនូវប្រព័ន្ធព្រែកជីកសម្រាប់បង្ហូរទឹក និងធ្វើការស្រោចស្រពយ៉ាង ប្រទាក់គ្នាចម្រុះ ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ដំណាំស្រូវ។ ប្រព័ន្ធ ព្រែកជីកទាំងនេះប្រទាក់ក្រឡាគ្នាពីមួយទៅមួយ រួចហើយក៏បត់បែនទៅ នឹងបុរី ហើយក៏បម្រើដល់ការដឹកជញ្ជូននានា ជាពិសេសសម្រាប់នាវាធំៗ ដែលអាចចូលដល់ទៅខាងក្នុងទីក្រុង។ ជាការពិតណាស់ នៅតាមដងផ្លូវ ទាំងនេះហើយ ដែលឥទ្ធិពលឥណ្ឌាបានជ្រាបចូលទៅតំបន់ខាងក្នុងបាន យ៉ាងងាយ។
នៅអំឡុងឆ្នាំ២៤៣-២៨៧ ហ្វូណនមានទំនាក់ទំនងការទូតជាមួយ សន្តតិវង្សជិននៃប្រទេសចិន។ ក្នុងសតវត្សទី២ និងទី៣ ទំនាក់ទំនងការទូត ជាមួយឥណ្ឌា និងចិនធានានាវាចរណ៍ខាងផ្នែកសមុទ្រ។ ព្រះរាជាណាចក្រ ហ្វូណនជាប្រទេសល្បីល្បាញនៅអាស៊ី អាគ្នេយ៍រហូតដល់ពាក់កណ្តាល សតវត្សទី៦ទើបធ្លាក់ចុះ។
នៅទ្វីបអាមេរិកឡាទីន អារ្យធម៌ ម៉ាយ៉ា (Maya) បានលេចរូបរាង ឡើងនៅឆ្នាំ២៥០នៃគ.ស. នៅតំបន់ដីជ្រលងភ្នំនៃត្វាតេម៉ាឡា (Guatemala) ហើយចាប់ផ្តើមសាងសង់ប្រាសាទ និងសរសេរសិលាចារឹក ដើម្បីកត់ត្រា ប្រវត្តិសាស្ត្រ។ ជនជាតិម៉ាយ៉ាជាជនជាតិដែលរស់នៅទ្វីបអាមេរិកកណ្តាល និងបានបង្កើតបានជាទីក្រុងជាច្រើន ដែលគ្រប់គ្រងដោយទេវរាជ។ ទីក្រុង ម៉ាយ៉ារីកដុះដាលរហូតដល់ដើមសតវត្សទី៩ ទើបដួលរលំ។
ចំណែកឯនៅឯទ្វីបអឺរ៉ុបវិញ មេដឹកនាំជនជាតិហ៊ុន (Huns) ម្នាក់ ឈ្មោះអាទិ៍ឡា (Attila) បានបង្រួបបង្រួមជនជាតិហ៊ុន ដែលជាពូជអ្នកចម្បាំងមកពីអាស៊ីកណ្តាលពូកែជិះសេះ ហើយដែលមកតាំងទីលំនៅនៅក្នុង ប្រទេសហុងគ្រីបច្ចុប្បន្ន និងចាប់ផ្តើមធ្វើសង្គ្រាមវាយយកខេត្តភាគខាងកើត នៃចក្រភពរ៉ូមាំង។ នៅឆ្នាំ៤៧៦នៃគ.ស. ចក្រភពរ៉ូមាំងបានដួលរលំ។ ចក្រ ភពថ្មីមួយទៀតឈ្មោះ ប៊ីហ្សង់ទីន (Byzantine) ឬចក្រភពខាងកើតត្រូវបាន បង្កើតឡើង និងបន្តអត្ថិភាពរហូតដល់ឆ្នាំ១៤៥៣។ ចាប់ពីឆ្នាំ៥០០ដល់ ឆ្នាំ១៤៥០ គេចាត់ទុកថាជាមជ្ឈិមសម័យនៃប្រវត្តិសាស្រ្តមនុស្សជាតិ។ ចាប់ពី ការដួលរលំនៃចក្រភពរ៉ូមាំងមក ទ្វីបអឺរ៉ុបបានធ្លាក់ចូលក្នុងយុគសម័យងងឹត រហូតដល់ដើមសតវត្សទី១១ ទើបព្រះរាជាណាចក្រដ៏មានឥទ្ធិពលត្រូវ បានបង្កើតឡើង។
នៅឆ្នាំ៥៧០ មូហាម៉ាត់ (Muhammad) បានចាប់កំណើតនៅក្រុង ម៉េក្កា (Mecca)។ នៅពេលនោះ ប្រជាជនអារ៉ាប៊ី សាអ៊ូឌីតជឿសាសនា ជាច្រើន។ នៅពេលមានអាយុ៤០ឆ្នាំ មូហាម៉ាត់ចាប់ផ្តើមទទួលសារពីព្រះ ជាម្ចាស់ ហើយផ្សព្វផ្សាយសារទាំងនេះ ដែលមានសរសេរនៅក្នុងគម្ពីរកូរ៉ាន់ (Qur’an)។ សាសនាថ្មីនេះមានឈ្មោះថា អិស្លាម ដែលមានន័យថាការថ្វាយ ខ្លួនជូនព្រះ។ ចាប់ពីពេលដែលមូហាម៉ាត់ទទួលមរណភាពនៅឆ្នាំ៦៣២ ជនជាតិអារ៉ាប់ ដែលរួបរួមគ្នាដោយសាសនាអិស្លាមជាសាសនាបានចាប់-ផ្តើមយុទ្ធនាការវាយលុកយកយេរូសាឡិម និងដាម៉ាសពីចក្រភពប៊ីហ្សង់ទីន និងវាយយកចក្រភពពែរ្សទាំងមូលតែម្តង។ បន្ទាប់មកពួកអារ៉ាប់បានវាយ យកបានប្រទេសស៊ីរី ប៉ាឡេស្ទីន និងប្រទេសអេហ្សីប។ នៅឆ្នាំ៦៩៨ ជន ជាតិអារ៉ាប់បានគ្រប់គ្រងទ្វីបអាហ្វ្រិកខាងជើងទាំងស្រុងតែម្តង៕ (នៅមានត)
ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន