ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៤៩ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ទាក់ទិននឹងករណីគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (METAMFETAMINE) ទម្ងន់ ៤០ ៥៦៦,១១ក្រាម ប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៣ ៦៩៤ក្រាម ប្រភេទអឹម.ដេ.អឹម.អា (MDMA) ទម្ងន់ ៣ ៤១៤,៣៩ក្រាម រុក្ខជាតិក្រៀម ទម្ងន់ ២៣០ក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ១ ០៨៤,៤៩ក្រាម ដែលមានជនត្រូវចោទមានខ្លួនឈ្មោះ ឈិន យ៉ានឆេង (CHEN YAN CHENG) ភេទប្រុស អាយុ ២៧ឆ្នាំ និង ជនត្រូវចោទចំនួន ១នាក់ទៀត រួមទាំងបក្ខពួក កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចផ្លូវ២៨៧ ក្រុម៥០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
គួររម្លឹកថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣៖៣០នាទី កម្លាំងការិយាល័យរដ្ឋបាល-សរុប (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ នួន ចាន់ ដោយមានការដឹកនាំសម្រសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបការណី រក្សាទុក ដឹកជញ្ជូន នៅគោលដៅចំនួន០២គោលដៅផ្សេងគ្នា លទ្ធផលដូចខាងក្រោម៖
គោលដៅទី១៖ នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ CHEN YAN CHENG ជាជនជាតិចិន ភេទប្រុស កើតថ្ងៃទី០៩ ខែមិនា ឆ្នាំ១៩៩៨ ដោយចាប់យកគ្រឿងញៀន១៖ ប្រភេទកេតាមីន ៣កញ្ចប់ (១ធំ ២ធំល្មម) ១គីឡូក្រាម ២០៦ក្រាម និង២៖ អ៉ិចស្តាស៉ី ១០កញ្ចប់ ស្មើទម្ងន់ ១៨៨.៦៩ក្រាម ។
គោលដៅទី២៖ ឆែកឆេរនៅបន្ទប់ខុនដូរ SKY31 បន្ទប់លេខ ១៣០៦ ជាន់ទី១៣ ផ្លូវ២៨៧ ក្រុម៥០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ លទ្ធផលចាប់យកវត្ថុតាងដូចខាងក្រោម៖
១៖ ម៉្សៅកេតាមីន ២កញ្ជប់ធំ ២គីឡូក្រាម ៤៨៨ក្រាម
២៖ មេតំហ្វេតាម៉ីន (គ្រាប់) ចំនួន ៣១កញ្ចប់ធំ ស្មើទម្ងន់ ៤០គីឡូក្រាម ៥៦៦.១១ក្រាម
៣៖ អ៉ិចស្តាស៉ី ( F3 + ផ្លែឈើ) ១៧២កញ្ចប់ ស្មើ ៣គីឡូក្រាម ៤១៤.៣៩ក្រាម
៤៖ កញ្ជាក្រៀមចំនួន ២កញ្ចប់ (ធំ និងតូច) ស្មើទម្ងន់ ២៣០ក្រាម
៥៖ ជញ្ជីងថ្លឹងគ្រឿងញៀនចំនូន ០១គ្រឿង
៦៖ អាវុធខ្លី ១ដើម និង ២០គ្រាប់
៧៖ ឧបករណ៍សម្រាប់ប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
សរុបសារធាតុញៀនទាំង ៣ប្រភេទ៖ ទម្ងន់៤៧គីក្រាម ៦៧៤.៥០ក្រាម ក្នុងនោះរួមមាន ១៖ កេតាមីន ទម្ងន់៣គីឡូក្រាម ៦៩៤ក្រាម,
២៖ អ៉ិចស្តាស៉ី ទម្ងន់ ៣គីឡូក្រាម ៤១៤.៣៩ក្រាម, ៣៖ មេតំហ្វេតាម៉ីន ៤០គីឡូក្រាម ៥៦៦.១១ក្រាម និងដោយឡែកកញ្ឆាក្រៀម ២៣០ក្រាមផងដែរ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ឈិន យ៉ានឆេង (CHEN YAN CHENG) ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕ដោយ៖តារា