ខេត្តស្វាយរៀង ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” ស្ថិតនៅបរិវេណសាលាឃុំក្រោលគោ ស្រុកស្វាយជ្រំ។
លោក អភិបាលខេត្ត មានប្រសាសន៍ថា យុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាព ស្រុក/ក្រុង និងទីប្រជុំជននៅតាមបណ្តាផ្លូវជាតិលេខ១ ឲ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង។
ទន្ទឹមនេះ លោក អភិបាលខេត្ត បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលក្រុង/ស្រុក ឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវរៀបចំសកម្មភាពចុះសំអាតផ្លូវជាតិនៅតាមមូលដ្ឋានរៀងៗខ្លួន និងសំណូមពរដល់បងប្អូនកម្មក កម្មការិនីនិងប្រជាពលរដ្ឋទាំងអស់ សូមកុំបោះចោលសម្រាមនៅតាមដងផ្លូវពាសវាលពាសកាលពេលកំពុងធ្វើដំណើរ។
បន្ទាប់ពីមានប្រសាសន៍បើកយុទ្ធនាការរួចមក ឯកឧត្តម ប៉េង ពោធិ៍សា និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានធ្វើការរើសសំរាម ដើម្បីសម្អាតនៅតាមដងផ្លូវជាតិលេខ១ ក្នុងទីប្រជុំជនផ្សារក្រោលគោ និងតាមបណ្តោយផ្លូវជាតិ ក្នុងស្រុកស្វាយជ្រំ និងនៅតាមបណ្តោយផ្លូវជាតិ ក្នុងក្រុងស្វាយរៀង ក៏មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងអាជ្ញាធពាក់ព័ន្ធ វិស័យឯកជនចូលរួមសម្អាតផងដែរ៕
ដោយ ៖ សិលា