ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម្នាក់ឯងតាមដងផ្លូវ ត្រូវបានជនជាតិចិនបេីករថយន្តមួយគ្រឿងយ៉ាងលឿនជ្រុលទៅបុក និងកិនជាប់ អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ម្ចាស់ម៉ូតូរងរបួសធ្ងន់ ដោយហេតុការណ៍នេះបានបង្កឡើងនៅវេលាម៉ោង ១និង២៥នាទីរំលងអាធ្រាត្រ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ស្ថិតនៅតាម បណ្ដោយផ្លូវបេតុងឈូកវ៉ា២ សង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា មុនកេីតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ម៉ាកMX KING ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1Y-2346 បានធ្វើដំណើរតាមផ្លូវបេតុង ទិសដៅពីលិចមកកេីត ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចខាងលើ ក៏ ត្រូវបានរថយន្តម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-0687 បេីកបរដោយ ជនជាតិចិនមានគ្នាពីរនាក់ប្ដីប្រពន្ធធ្វើដំណើរបញ្រ្ចាសទិសគ្នាពីកេីតមកលិចយ៉ាងលឿន រួច ទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យជនរង គ្រោះខ្ទៀតចេញពីម៉ូតូបោកខ្លួននឹងផ្លូវរងរបួសធ្ងន់ធ្ងរ ចំណែករថយន្តបង្កបានកិនម៉ូតូជាប់ពីក្រោមអូសទៅមុខជាច្រើនម៉ែត្រ បំរុងរត់គេចខ្លួន តែត្រូវបានពលរដ្ឋនៅកន្លែងកើតហេតុឃើញនាំគ្នាឃាត់មិនឲ្យបេីកចេញទៅណា រួចទាក់ទងទៅសមត្ថកិច្ចភ្លាមៗ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសាមុយបង្អែកពោធិ៍ចិនតុង មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ ផងដែរ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វេីការវាស់វែងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕