ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា៖ ដេីម្បីការពារសុខភាពអ្នកប្រើប្រាស់ទំនិញជាប្រចាំថ្ងៃ សមត្ថកិច្ចខេត្ត បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅទីផ្សារក្នុងក្រុងបាត់ដំបង។
ជាក់ស្ដែងកាលពីថ្ងៃទី០៤ ខែកុម្ភៈម្សិលមិញនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ចបានសហការជាមួយមន្រ្តីនៃសាខា (ក.ប.ប )ខេត្តបាត់ដំបងនិងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យចំណីអាហារនៅចំណុចផ្សារណាត់ក្រុងបាត់ដំបង ក្នុងនោះសំដៅលើគ្រឿងសមុទ្រ ជ្រក់គ្រប់ប្រភេទ និងអាហារផ្អាប់ ។
ជាលទ្ធផលឃើញថា ផលិតផលដែលបានពិនិត្យចំនួន១៣ទីតាំងដោយបានធ្វើការពិសោធន៍ដោយមន្រ្តីជំនាញ មិនមានផ្ទុកសារធាតុដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រេីប្រាសលនោះទេ។
ក្នុងដំណើរត្រួតពិនិត្យនេះមន្រ្តីជំនាញបានធ្វើការផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរចំណីអាហារ ទាំងអស់សូមចូលរួមទាំងអស់គ្នាក្នុងការបង្ការទប់ស្កា ត់ ធ្វើយ៉ាងណាកុំឱ្យមានសារធាតុគីមីដែលនាំបង្កឱ្យប៉ះពាល់ដល់សុខ ភាពអ្នកប្រើប្រាស់ទូទៅនៅក្នុងចំណីអាហារ ៕
ដោយ៖តារា