ភ្នំពេញ ៖ អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន បងប្អូនអ្នកនិយមបណ្តាញសង្គមហ្វេសប៊ុក (Facebook) តិកតុក (Tiktok) ឱ្យបានជ្រាបថាៈ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តបានសង្កេតឃើញផេកឈ្មោះ Jing Jork Talk Show បានចុះផ្សាយជាវីដេអូរឃ្លីប ថាៈជីវិតមនុស្សម្នាក់ និងរបួស០២នាក់យកលុយ១០លានមកសងសំខាន់មេប៉ុស្តិ៍ និងមេឃុំចូលដៃចូលជើងទៀត។ បន្ទាប់ពីសង្កេតឃើញផេកឈ្មោះ Jing Jork Talk Show ចុះផ្សាយខាងលើនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតដល់ មូលដ្ឋានស្រុកស្ទោង ប្រកបដោយការយកចិត្តទុកដាក់ ។ ដោយផ្អែកតាមការសាកសួរបំភ្លឺផ្ទាល់ពីលោក ចន វុទ្ធី ជាមេឃុំ និងការសាកសួរបំភ្លឺផ្ទាល់ពីលោក ព្រំ ឆេងទី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងស្តាប់ការបំភ្លឺរបស់ឈ្មោះ ឈន បាន ត្រូវជាដន្លងជាមួយឈ្មោះ រុន ម៉ូ ត្រូវជាឪពុកបង្កើតជនរងគ្រោះ និងប្រភពព័ត៌មានដែលទទួលបានពី អ្នកពាក់ព័ន្ធផ្សេងទៀត អ្នកនាំពាក្យសូមជម្រាបបញ្ជាក់ជូនថាៈ
១-លោកមេឃុំ ចន វុទ្ធី និងលោកនាយប៉ុស្តិ៍ ព្រំ ឆេងទី ពិតជាត្រូវបានតំណាងភាគីម្ចាស់រថយន្តពឹងពាក់ឱ្យជូន ទៅជួបក្រុមគ្រួសារភាគីខាងរងគ្រោះនៅឯលំនៅដ្ឋានភូមិម្សាក្រងជើង ឃុំម្សាក្រង ពិតប្រាកដមែន ។ពេលលោកមេឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាល ព្រមទាំងតំណាងភាគីម្ចាស់រថយន្តទៅដល់បានជួបគ្រួសារសាច់ញាតិឪពុកម្តាយបង្កើត និង ប្រពន្ធជនរងគ្រោះសរុបប្រហែល១០នាក់។
២-ពេលជួបជុំគ្នាតំណាងភាគីម្ចាស់រថយន្តបានជម្រាបសួរទៅក្រុមគ្រួសារជនរងគ្រោះគោលបំណងចង់ដឹង អំពីការទាមទារសំណង និងសំណូមពររបស់ភាគីរងគ្រោះដោយភាគីខាងជនរងគ្រោះឆ្លើយថាៈ ប្រគល់ភារៈកិច្ច ឱ្យឈ្មោះ ជើង ចក់ នៅភ្នំពេញជាអ្នកដោះស្រាយ។ ដោយពុំបាននិយាយអំពីការទាមទារសំណងចំនួនទឹកប្រាក់ប៉ុន្មាន នោះឡើយ ។ក្នុងពេលនោះលោកនាយប៉ុស្តិ៍នគរបាលបានជូនជាយោបល់ទៅភាគីទាំងសងខាងថាៈករណីរឿងគ្រោះ ថ្នាក់ចរាចរណ៍កើតឡើងមានបណ្ដឹងពីរគឺៈបណ្តឹងរដ្ឋប្បវេណី និងបណ្តឹងអាជ្ញាបងប្អូនមានសិទ្ធដាក់ពាក្យបណ្តឹងទាមទារ សំណង ឧទាហរណ៍ជាទឹកប្រាក់១០លានក្តី ឬ២០លានរៀលក្តី អាស្រ័យលើបងប្អូនជាអ្នកដាក់ពាក្យបណ្តឹងទាមទារ ជាក់ស្តែង ទោះបីភាគីទាំងសងខាងត្រូវរ៉ូវគ្នាយ៉ាងណាក៏ដោយសមត្ថកិច្ចជំនាញមិនអាចធ្វើការសម្របសម្រួលបញ្ចប់ក្រៅ ប្រព័ន្ធតុលាការបានឡើយ។ ក្នុងករណីខាងលើនេះលោកនាយប៉ុស្តិ៍នគរបាលនិងលោកមេឃុំពុំបានប្រើអំណាចបង្ខិតបង្ខំ ឱ្យភាគីរងគ្រោះទទួលយកប្រាក់ចំនួន ១០លានរៀល ដូចការចុះផ្សាយដោយគ្មានប្រភពព័ត៌មានភស្តុតាងច្បាស់លាស់ និងសូមធ្វើការបដិសេធចំពោះការចុះផ្សាយខាងលើ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោក នាយប៉ុស្តិ៍និងលោកមេឃុំយ៉ាងខ្លាំង និងស្នើសុំឱ្យម្ចាស់ផេកឈ្មោះjing Jork Talk Showចុះផ្សាយកែតម្រូវឡើងវិញ។ អាស្រ័យហេតុនេះសូមសាធារណជន អ្នកសារព័ត៌មាន និងបងប្អូននិយមបណ្តាញសង្គមមេត្តាជ្រាប ៕
ដោយ ៖ សិលា