លោក សុខ លូ អញ្ជើញផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋាន ស្ដីពីបញ្ហាគ្រឿងញៀនដល់អាជ្ញាធរ សមត្ថកិច្ច ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២៥ លោក សុខ លូ អភិបាល នៃអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយចំណេះដឹង ជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន ដល់អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងទាំងបី ក្នុងខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១៤ អធិការក្រុង ស្រុក ការិយាល័យជំនាញគ្រឿងញៀនមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត កងរាជអាវុធហត្ថ យោធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ជាច្រើននាក់ចូលរួមផងដែរ។

លោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានអញ្ជើញមានមតិបើកពិធីផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន ដល់អាជ្ញធរ សមត្ថកិច្ច ក្នុងខេត្ត ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដែលការផ្សព្វផ្សាយនេះមានសារ:សំខាន់ណាស់ ក៏ដូចជាការរំលឹកដល់សមត្ថកិច្ច ពាក់ព័ន្ធ ទាំងអស់ ដែលជាចំណេះដឹង មូលដ្ឋានគ្រិះ បង្កើនស្មារតី ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងខិតខំអនុវត្ត ទប់ស្កាត់ ករណីគ្រឿងញៀន បារីអេឡិចត្រូនិចផ្សេងៗ ត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងទូលំទូលាយជាពិសេសនៅតាមសាលារៀន ទីសាធារណៈ ប្រជុំជនជាដើម ត្រូវធ្វើការបង្រ្កាបឲ្យអស់នៅតាមមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ ដើម្បីខេត្តយើង និងដើម្បីប្រទេសជាតិមានសុខសុវត្តិភាព។

លោក ធូ ភា អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានឡើងធ្វើបទបង្ហាញក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ចំណេះដឹង ជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន ដល់អាជ្ញធរ សមត្ថកិច្ច កងកម្លាំងទាំងបី ក្នុងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ធូ ភា បានលើកពីបញ្ហាប្រឈម នៃការ ជួញដូរគ្រឿង ចែកចាយ គ្រឿងញៀន តាមគ្រប់រូបភាព ដែលធ្វើឲ្យ កងកម្លាំង អាជ្ញាធរ បង្រ្កាបបានជាបន្តបន្ទាប់ និងជួបការលំបាកផ្សេងៗ ក្នុងការបង្រ្កាបបទល្មើស ព្រោះជនល្មើសទាំងនោះឈានដល់ការជួញដូរគ្រឿងញៀន តាមរយ:ប្រព័ន្ធអនឡានជាដើម។

ជាកិច្ចបញ្ចប់ លោក សុខ លូ មានប្រសាសន៍ផ្តាំផ្ញើថាបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមមួយក្នុងសង្គម និងជារឿងចាំបាច់ត្រូវតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ ហើយរឿងនេះអាចលុបបំបាត់បាន និងទប់ស្កាត់បានលុះត្រាតែមានការចូលរួមពីសំណាក់យើងទាំងអស់គ្នា មិនត្រូវឃុបឃិតនឹងបទល្មើសគ្រឿងញៀនជាដាច់ខាត ហើយត្រូវមានស្មារតីភ្ញាក់រលឹកទាំងអស់គ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយបំផុត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print