រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណេីរការជាផ្លូវការប្រព័ន្ធអង្កេតតាមដានឌីជីផលកម្ពុជា (CamTrace)

ចែករំលែក៖

ភ្នំពេញ÷នាព្រឹកថ្ងៃទី០៥​ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រគល់កញ្ចប់កម្ម វិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណេីរការជាផ្លូវការនូវប្រព័ន្ធអង្កេតតាមដានឌីជីផលកម្ពុជា (CamTrace) នៅសណ្ឋាគារសូហ្វីតែល​ភ្នំពេញ ភូគីត្រា។

ថ្លែងទៅកាន់អង្គពិធីលោក រដ្ឋមន្ដ្រី​ បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់សហភាពអឺរ៉ុប អង្គការ UNIDO និងដៃគូអភិវឌ្ឍពាក់ព័ន្ធជួយតភ្ជាប់ខ្សែច្រវាក់តម្លៃកាន់តែមានប្រសិទ្ធភាពនូវផលិត ផលជលផលក្រោយប្រមូលផល និងអាចឱ្យសហគ្រាសនានា​​ អាចពង្រីកលទ្ធភាពនិងសមត្ថភាពក្នុងជំនួញរបស់ខ្លួន។ លើសពីនេះលោករដ្ឋមន្ដ្រី បានលើកឡើងពីការកើនឡើងនៃផលនេសាទដ៏លើសលប់ក្នុងឆ្នាំនេះ ដែលជាផលវិជ្ជមានសម្រាប់ប្រជានេសាទ។លោករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ណែនាំគិតដល់ប្រជានេសាទនិងសហគ្រាស អំពីការប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្ដរភាព តាមរយៈការកែច្នៃសម្រាប់បម្រើដល់តម្រូវការទីផ្សារ ទាំងក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ពាក់ព័ន្ធនឹងពាណិជ្ជកម្មធនធានជលផលនេះដែរ​ លោករដ្ឋមន្ដ្រី​ បានគូសបញ្ជាក់ថា ​សហគ្រាស​ទាំងអស់ត្រូវចេះថែរក្សាទីផ្សារឱ្យបានល្អ​ គោរពតាមលក្ខខណ្ឌស្តង់ដាត្រឹមត្រូវ​ មានគុណភាពល្អ​ មានអនាម័យ​ខ្ពស់​ និងបង្កេីនសមត្ថភាពខ្លួនទៅតាមតម្រូវការទីផ្សារ​ ជាពិសេសទី ផ្សារអឺរ៉ុប​ ដែលជាទីផ្សារមួយដ៏ល្អសម្រាប់ការនាំចេញ។

ជាថ្មីម្តងទៀត​ លោករដ្ឋមន្ដ្រី​ បានបង្ហាញគោលចំហរគាំទ្រដល់សហគ្រាសនានាក្នុងអនុវិស័យជលផល​ ក្នុងស្មារតីភារតភាពខ្ពស់​ ដេីម្បីអាចធានាធនធានជលផលប្រកបដោយនិរន្តរភាព​ និងប្រេីប្រាស់ពេញសមត្ថភាពនូវធនធានជលផល​ ស្របជាមួយនឹងកម្មវិធីតាមដានអង្កេត​ (CamTrace) មានការត្រួតពិនិត្យច្បាស់លាស់​ មានភាពទុកចិត្ត​ ធានាបាននូវសុវត្ថិភាពចំណីអាហារ​ និងទទួលបានតម្លៃបន្ថែមខ្ពស់។

ជាទីបញ្ចប់​ រដ្ឋមន្ដ្រី​ បានថ្លែងអំណរគុណដល់សហភាព​អឺរ៉ុប​ អង្គការ UNIDO សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) ធនាគារ​ និងវិស័យឯកជន​ ដែលជានិច្ចជាកាលជួយគាំទ្រនូវតម្រូវការបច្ចេកទេស​ ទុនហរិញ្ញប្បទាន​ និងដោះស្រាយបញ្ហាប្រឈមនានា​ក្នុងវិស័យកសិកម្ម​។ សស្របនឹងលទ្ធផលវិជ្ជមាននេះលោករដ្ឋមន្ដ្រី​ បានអំពាវនាវដល់បណ្តាធនាគារផ្សេងៗទៀតគិតគូរក្នុងការចូលរួមផ្តល់ជាទុនកម្ចីសម្រាប់សហគ្រាសក្នុងអនុវិស័យជលផល ដែលមានការធានាត្រឹមត្រូវ​ និងផ្តល់ផលចំនេញទាំងអស់គ្នា​ និងជូនពរដល់អង្គពិធីទទួលបានសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print