ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះថា៖ រដ្ឋាភិបាលចិនផ្តល់ជំនួយឥតសំណងចំនួន៤.៤លានដុល្លារគាំទ្រអង្គភាពសុីម៉ាក់របស់កម្ពុជា ដើម្បីដោះមីនរយៈពេល១ឆ្នាំ នៅខេត្តចំនួន៧។ ខណៈកាលពីសប្ដាហ៍មុន លោក ហេង រតនា បានប្រកាសអំពីការផ្អាកបោសសម្អាត មីននៅខេត្តចំនួន៨ ព្រោះតែសហរដ្ឋអាមេរិកផ្អាកជំនួយ ។
ជាក់ស្ដែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ហេង រតនា បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា ៖«នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រដល់អង្គភាពCMACក្នុងការបោសសម្អាតមីននៃ”គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection)មានថវិកាសរុបចំនួន៤.៤០០.០០០ដុល្លារអាមេរិក សម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៨ កុម្ភៈ ២០២៦) »។
តាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ជំនួយសម្រាប់ដោះមីនរបស់ចិនរយៈពេល១ឆ្នាំនេះ នឹងគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីននៅខេត្តចំនួន៧រួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង។
លោកអគ្គនាយកស៉ីម៉ាក់រូបនេះ បានថ្លែងបន្តថា តាមរយៈគម្រោងជំនួយនេះ ក៏នឹងគាំទ្រអ្នកជំនាញបច្ចេកទេសជាង៤០០នាក់របស់អង្គភាពCMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ ១)ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣.៤០០ហិកតា, ២) ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលើ, ៣) ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ, ៤) ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។
លោក ហេង រតនា បន្ថែមថា គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ក្នុងឆ្នាំ២០២៥នេះ គឺជាជំនួយឆ្នាំទី៣ នៃដំណាក់កាលទី៣ ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣.២លានដុល្លារសហរដ្ឋអាមេរិក។
គួរឱ្យដឹងថា ក្រោយលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក, ត្រាំ បានប្រកាសផ្អាកផ្ដល់ជំនួយតាមរយៈ USAID ទៅកាន់ភាគីទទួលជំនួយរយៈពេល៣ខែ។
ក្រោយការផ្អាកនេះ អគ្គនាយក ស៊ីម៉ាក់ លោក ហេង រតនា បានប្រកាសផ្អាកកិច្ចប្រតិបត្តិការបោសសម្អាតមីនបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥ នៅខេត្តចំនួន៨ រួមមានខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង រហូតដល់មានការជូនដំណឹងជាថ្មី។
អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា លោក លី ធុជ អះអាងថា ការផ្អាកផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិក បានប៉ះពាល់ដល់បុគ្គលិកដោះមីនកម្ពុជាជាង ១ពាន់នាក់៕ដោយ៖តារា