ភ្នំពេញ៖ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អះអាងថា លោកនឹងចូលបំភ្លឺលើកក្រោយទៀត ប្រសិនបើតុលាការកោះហៅជាលើកទីពីរ ដោយលោកមិនគេចទៅណានោះទេ ។
ការអះអាងបែបនេះ បន្ទាប់ពីលោក ប៉ា ងួនទៀង ចូលបំភ្លឺតុលាការ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ក្នុងនាមជាសាក្សី ករណីសូកប៉ាន់សាក្សី ។
ការសាកសួរនេះ ធ្វើឡើងដោយ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
ក្រោយបញ្ចប់ការសាកសួររយៈពេលជាង១ម៉ោង លោក ប៉ា ងួនទៀង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការបានសាកសួររូបលោក ពីទំនាក់ទំនងរបស់លោក កឹម សុខា និង លោក នី ចរិយា ហើយក៏សាកសួរពីទំនាក់ទំនងនាង ខុម ចាន់តារាទី ផងដែរ ។
លោក ប៉ា ងួនទៀង បន្ត មូលហេតុដែលតុលាការចាំបាច់ត្រូវសាកសួររូបលោកនាពេលនេះ ដោយសារមានចម្លើយខ្លះនិយាយពីរូបលោក ។ ប៉ុន្តែលោក ប៉ា ងួនទៀង បដិសេធមិនបង្ហាញអត្តសញ្ញាណនោះទេ ។ លោក ប៉ា ងួនទៀង នឹងចូលបំភ្លឺនៅតុលាការជាបន្តទៀត បើតុលាការកោះហៅរូបលោក លើកក្រោយ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ធ្លាប់បានបញ្ជាក់ថា លោក ប៉ា ងួនទៀង ពាក់ព័ន្ធនឹងសំណុំរឿងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។
លោក បន្ថែមថា ដីកាកោះនេះជានីតិវិធីរបស់តុលាការ ករណីតុលាការយល់ថាសាក្សីមានប្រយោជន៍ក្នុងសំណុំរឿងនេះ។
មន្ត្រីអាដហុក៤រូបនិងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ៕
ដោយ៖ ចេស្តា