សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ

ចែករំលែក៖

រដ្ឋធានី​វៀងចន្ទន៍​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥​ បានអញ្ជើញ ជួបពិភាក្សាការងារ ជាមួយ លោកបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍។

ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ តបតាមការអញ្ជើញរបស់ លោក។ លោកបណ្ឌិតប្រធានរដ្ឋសភា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ដែលត្រូវបាន បោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបង្ហាញ ឱ្យឃើញពីការទុកចិត្តនិងការគាំទ្រ របស់គណបក្ស និងប្រជាជនកម្ពុជា លើការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ និងបទពិសោធន៍ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ។

លោកបណ្ឌិតប្រធានរដ្ឋសភាឡាវ បានបន្តថា ទស្សនកិច្ចរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា នាពេលនេះ មានសារៈសំខាន់បំផុត ដែលនាំមកនូវមេត្រីភាព មិត្តភាព ក្នុងនាមប្រទេសជាប់ភូមិផងរបងជាមួយគ្នា និងជាអ្នកជិតខាងល្អ ព្រមទាំង ការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ លោកបណ្ឌិត ក៏បានផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភាកម្ពុជា។

នាឱកាសនោះ សម្តេចតេជោ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានរដ្ឋសភាឡាវ ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចផ្លូវការ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ សម្តេច និងគណៈប្រតិភូ។ សម្តេចតេជោ បានជូនពរ លោកប្រធានរដ្ឋសភាឡាវ និងប្រជាជនឡាវ ប្រកបដោយ សិរីសួស្តី ជ័យមង្គល និងវិបុលសុខ ក្នុងឱកាសចូលឆ្នាំសកល២០២៥។ សម្តេចពិតជារីករាយដែលបានជួបលោក ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបចុងក្រោយ ក្នុងខែ កុម្ភៈ ឆ្នាំ២០២៣ នាឱកាស បំពេញទស្សនកិច្ចផ្លូវការនៅឡាវ ក្នុងនាមជានាយករដ្ឋមន្រ្តី។

សម្តេចតេជោ បាន សម្តែងនូវការអបអរសាទរចំពោះ លោកបណ្ឌិតប្រធានរដ្ឋសភា និងរដ្ឋាភិបាលឡាវ ដែលសម្រេចបានដោយជោគជ័យតួនាទីជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥, ជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ACMECS លើកទី១០។

សម្តេចតេជោ បានថ្លែងពីការផ្តាំផ្ញើសួរសុខទុក្ខ និងអរគុណរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនចំពោះ លោកប្រធានរដ្ឋសភាឡាវ ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅនាមហាសន្និបាត AIPA លើកទី៤៥។

សម្តេចតេជោ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្ស និងរដ្ឋាភិបាលឡាវ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធ្វើឱ្យជីវភាពប្រជាជនប្រសើរឡើងជាលំដាប់។ សម្តេច ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋឡាវ មិត្តឡាវនឹងជម្នះបានរាល់បញ្ហាប្រឈមដោយជោគជ័យ និងបន្តសម្រេចបានសមិទ្ធផលធំៗ។

សម្តេចតេជោ បានជម្រាបជូន លោកបណ្ឌិតប្រធានរដ្ឋសភាឡាវ ពីការវិវត្តនៃសភាពការណ៍នៅកម្ពុជា ដោយគូសបញ្ជាក់ ពីភាពជោគជ័យនៃគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសបានអ្នកបន្តវេនជំនាន់ក្រោយនៅឆ្នាំ២០២៣ ក្នុងពេលដែលអ្នកជំនាន់ចាស់នៅមានកម្លាំង ដោយ សម្តេចមិនចង់ឃើញពីភាពច្រំដែលនៃអតីតកាលរបស់កម្ពុជា ជាពិសេស ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ដែលនៅពេលផ្លាស់ប្តូរ អំណាច តែងមានចលាចល និងជម្លោះប្រដាប់អាវុធ។

សម្តេចតេជោ បានបន្ថែមថា ការផ្ទេរអំណាចទៅជំនាន់ក្រោយនេះ គឺជាការដោះដូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង ហើយ រយៈពេល ១៨ខែកន្លងទៅនេះ បានបង្ហាញថាអ្នកដឹកនាំបន្តវេន មានសមត្ថភាព និងអាចទុកចិត្តបានក្នុងការបន្តរក្សាបានសន្តិភាព និងការអភិវឌ្ឍប្រទេស។ សម្តេចតេជោ បានលើកឡើងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ និងការប្រែក្លាយកម្ពុជាជាប្រទេសផលិតសម្រាប់ការនាំចេញ ដូចជាស្រូវជាដើម កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ និងសម្រេចគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

សម្តេច បានបន្ថែមថា ក្នុងអាណត្តិនៃព្រឹទ្ធសភានីតិកាលទី៥នេះ សម្តេចតេជោ បានដាក់គោលដៅអាទិភាពពីរ គឺ ការទូតសភាដែលជាការរួមចំណែកជាមួយរដ្ឋាភិបាលលើកិច្ចការបរទេស ដោយសារស្ថានការណ៍ពិភពលោកស្មុគស្មាញនិងពិបាកប៉ាន់ស្មាន និង គណនេយ្យភាពរបស់ព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងជាបងប្អូនរវាងប្រទេសយើងទាំងពីរ តាមស្មារតី “ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ និងយូរអង្វែង” ដែលសម្តេចបានបង្កើតឡើងពីឆ្នាំ២០១៩ជាមួយនឹង ឯកឧត្តម ថោងលន់ ស៊ីសុលីត និងចាត់ទុកថាជាជោគជ័យ និងផែនទីបង្ហាញផ្លូវសម្រាប់បន្តកិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរ ជាពិសេសសម្រាប់អ្នកដឹកនាំបន្តវេន បន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខ។ សម្តេចតេជោ បានបន្តថា គណបក្សប្រជាជនកម្ពុជា បានគ្របដណ្តប់ប្រមាណ ៤៦ឆ្នាំ នៃទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ ។ សម្តេចតេជោ បានបន្តថាទំនាក់ទំនងនេះ មានស្ថិរភាពបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ចាប់តាំងពីពេលសម្តេច ជារដ្ឋមន្រ្តីការបរទេស នាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

សម្តេចតេជោ បានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគ្រប់វិស័យរួមមាន កិច្ចការសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល…ដោយស្ថាប័ននីតិប្បញ្ញត្តិត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល។

ក្នុងនាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សម្តេចតេជា បានអញ្ជើញ ឯកឧត្តម ប្រធានរដ្ឋសភាឡាវ ទៅទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របណាមួយខាងមុខ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះការវាយតម្លៃល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និង ចែករំលែកពីស្ថានការណ៍របស់ប្រទេសកម្ពុជា។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស។ ឯកឧត្តម បានសម្តែងនូវក្តីរីករាយចំពោះស្នាដៃនៃការដឹកនាំរបស់គណបក្សប្រជាជនសម្រេចបានសមិទ្ធផលលេចធ្លោ ដែលរួមចំណែកលើកកម្ពស់កិត្យានុភាព និងតួនាទីដ៏សំខាន់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានជម្រាបសម្តេចតេជោ ពីស្ថានការណ៍នៃប្រទេសឡាវ ដែល ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ប្រទេសឡាវ មានសន្តិភាព ស្ថិរភាព និង សម្រេចបានកំណើនសេដ្ឋកិច្ច ៤.៦% នៅឆ្នាំ២០២៤។ រដ្ឋាភិបាលឡាវ មានគម្រោងប្រែក្លាយប្រទេសពី Land lock (ប្រទេសមិនជាប់សមុទ្រ) ទៅជា Land Link (ប្រទេសតភ្ជាប់) តាមរយៈការតភ្ជាប់ផ្លូវដែក ជាមួយប្រទេសជិតខាង ដែលផ្តល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូល និងទាក់ទាញទេសចរ មកទស្សនាប្រទេសឡាវ។

ឯកឧត្តមប្រធានរដ្ឋសភាឡាវ បានគូសបញ្ជាក់ថាទំនាក់ទំនងឡាវ-កម្ពុជា មានភាពស្និទ្ធស្នាលជាទីបំផុត ដែលបានប្រកៀកស្មាគ្នាជាមិត្តភាពបងប្អូននិងបន្តរក្សាកិច្ចសហប្រតិបត្តិការជាប្រពៃណីនេះ។ ឯកឧត្តម បានបន្តថាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរ បានបន្តសហការផ្លាស់ប្តូរទស្សនកិច្ចកម្រិតប្រតិភូជាន់ខ្ពស់ និងជំនាញ និងបន្តពូនជ្រំ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិផងដែរ។

ឯកឧត្តម សង្ឃឹមថា កិច្ចខិតខំព្យាយាមក្នុងការបន្តអនុវត្ត MoU និងកិច្ចព្រមព្រៀងនានា ជាពិសេសលើវិស័យថាមពល និងសាងសង់ផ្លូវដែកតភ្ជាប់រវាងប្រទេសយើងទាំងពីរ នឹងផ្តល់កាលានុវត្តភាពដល់ទំនាក់ទំនងនិងការជំរុញពាណិជ្ជកម្មយើងទាំងពីរបន្ថែមទៀត។

សម្តេចតេជោ និង ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពី បញ្ហាតំបន់ និងអន្តរជាតិ ដែលជាអត្ថប្រយោជន៍រួម និងតម្រូវឱ្យបង្កើនការតាមដាន និងយកចិត្តទុកដាក់ផងដែរ។

...

ជាចុងក្រោយនៃជំនួប ឯកឧត្តមប្រធានរដ្ឋសភាឡាវ បានជូនពរ សម្តេចតេជោ និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print