ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាមដានការអនុវត្តគម្រោងវិនិយោគ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ ។ ដោយមានការចូលរួមពី លោកអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក.អ.ក. លោកអគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លោកអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក.អ.ក. និងគ.វ.ក. លោកអភិបាល លោក លោកស្រី អភិបាលរង នៃគណៈអភិបាលរាជធានី/ខេត្តទាំង២៥ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ជំរុញការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី បង្កើតជាទិន្នន័យប្រមូលផ្ដុំ និងបង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគម្រោងវិនិយោគ ដោយស្មារតីសហការគ្នាដ៏រស់រវើក ប្រកបដោយសហថាមពល ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” គាំទ្រការសម្រេចឱ្យបាននូវទិសដៅប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សូមជម្រាបជូនថា យោងតាមស្មារតីកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រធានក.អ.ក. បានកំណត់ឱ្យមានការរៀបចំយន្តការប្រទាក់ក្រឡា ដើម្បីឱ្យមានសង្គតិភាព នៃលំហូរការងារវិនិយោគ ទាំងការចុះបញ្ជី និងការពិនិត្យតាមដានការអនុវត្តគម្រោង រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពិគ្រោះយោបល់ជាមួយរដ្ឋបាលរាជធានី ខេត្ត ដោយឈរលើស្មារតីសហការគ្នា ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ សម្តេច ក៏បានណែនាំឱ្យអនុវត្តឱ្យបានពេញលេញលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ព្រមទាំងធ្វើសន្ធានកម្មតភ្ជាប់ តាមថ្នាលបច្ចេកវិទ្យាអេកូឡូស៊ី ដែលមានស្រាប់ ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបង្កើតជាបណ្តុំទិន្នន័យរួមសព្វជ្រុងជ្រោយមានសក្តានុពលបម្រើជាប្រយោជន៍ដល់វិនិយោគិន ក៏ដូចជាសម្រួលការផ្តល់សេវាសាធារណៈពាក់ព័ន្ធ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក.អ.ក. ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ នៅក្នុងស្ថាប័នរដ្ឋ និងការចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យក បច្ចេកវិទ្យា ជាអាទិភាពគន្លឹះទី៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះក្រសួងមហាផ្ទៃ ដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធលំហូរឯកសាររដ្ឋបាលតាមប្រព័ន្ធឌីជីថល Document Management System (DMS) កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាល ការផ្ដល់សេវាសាធារណៈ និងការជំរុញការការពារសន្តិសុខ ដោយរួមបញ្ចូលការប្រើប្រាស់ e-Signature និង e-Stamp ហើយមុខងារ e-Signature និង e-Stamp នេះ ក៏មានវត្តមានប្រើប្រាស់នៅក្នុង ប្រព័ន្ធ cdcIPM ផងដែរ។
អង្គប្រជុំបើកឱ្យមានការពិភាក្សាអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៃការគ្រប់គ្រងការចុះបញ្ជីវិនិយោគ និងការតាមដានបច្ចុប្បន្នក្នុងក្របខណ្ឌការងារសម្រួលកិច្ចវិនិយោគនៅកម្ពុជា និងធ្វើបទបង្ហាញ អំពីប្រព័ន្ធ cdcIPM សម្រាប់ចុះបញ្ជីគម្រោងវិនិយោគ សម្រាប់ថ្នាក់ក្រោមជាតិ និងផែនការធ្វើសន្ធានកម្មជាមួយអន្តរក្រសួងស្ថាប័នតាមគោលការណ៍របស់រាជរដ្ឋាភិបាលកន្លងទៅ។ អង្គប្រជុំក៏បានឯកភាពលើការកំណត់របៀបវារៈការងារបន្ទាប់ ដើម្បីកំណត់នូវយន្តការគតិយុត្ត និងយន្តការបច្ចេកវិទ្យាដែលមានសង្គតិភាពថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី៕ដោយ ៖តារា