ភ្នំពេញ ៖ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់តាមរយៈទំព័រហ្វេស ប៊ុកផ្លូវការរបស់លោក នាថ្ងៃទី០៦ ខែកុម្ភៈថា ការចុះផ្សាយដោយចោទថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)ប្រព្រឹត្តអំពើពុករលួយ បណ្តាលឱ្យបាត់បង់ថវិកាបេឡាជាតិសន្តិសុខសង្គម ពីសំណាក់សារព័ត៌មាន The Cambodia daily គឺជាការផ្សាយនូវព័ត៌មានដែលមិនពិត និងបំភ្លៃនូវការពិត។
អ្នកនាំពាក្យក្រសួងការងារបានលើកឡើងបន្ថែមថា ៖ ការចុះផ្សាយរបស់សារព័ត៌មាន The Cambodia daily ដូច្នេះ គឺមានចេតនា បំផ្លាញកិត្តិយស ភាពថ្លៃថ្នូរ និងភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំ ដើម្បីបំពុលសង្គម សាធារណជន ក្នុងការកេងចំណេញនយោបាយរបស់ខ្លួន និងសូមសាធារណជនកុំជឿ និងកុំផ្សព្វផ្សាយបន្តនូវព័ត៌មាននេះ។
សូមបញ្ជាក់ថា ៖ សារព័ត៌មាន The Cambodia daily ភាគច្រើនផ្សព្វផ្សាយព័ត៌មានក្លែង វាយប្រហារមកលើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បម្រើផលប្រយោជន៍ឱ្យបរទេស ៕
ដោយ ៖ សិលា