ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រហូតមកដល់ឆ្នាំ២០២៥នេះ ក្រសួងចុះបញ្ជីដីធ្លី បានចំនួនប្រមាណ ៤លានក្បាលដី ខណៈសល់ ៥០ម៉ឺនក្បាលដីទៀត នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងឱ្យដឹងថា រហូតមកដល់ឆ្នាំ២០២៥នេះ ក្រសួងបានចុះបញ្ជីដីធ្លី បានចំនួនប្រមាណ៤លានក្បាលដីហើយ ខណៈសល់ ៥០ម៉ឺនក្បាលដីទៀតតែប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ។

ថ្លែងនៅក្នុងពិធីបុកគ្រឹះសាងសង់អាគារកងរាជអាវុធហត្ថខេត្តតាកែវថ្មី នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃ សុក្រ ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៥នេះ លោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានមានប្រសាសន៍បន្តថា មន្រ្តីក្រសួងដែនដីនឹងប្រឹងប្រែងបិទបញ្ចប់ការចុះបញ្ជីក្បាលដី ដែលនៅសល់ប្រមាណ៥០ម៉ឺនក្បាលដីទៀត នៅឆ្នាំ២០២៦ខាងមុខនេះ ការបិទបញ្ចប់ការចុះបញ្ជីក្បាលដីជូនបងប្អូនប្រជាពលរដ្ឋ វានឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីនិងកាត់បន្ថយពីបញ្ហាជំលោះដីធ្លីផងដែរ។

លោក ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានលើកឡើងផងដែរថា តាមរយៈការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋបានចំនួនដ៏ច្រើននេះ វាបានធ្វើឱ្យបញ្ហាទំនាស់និងជំលោះដីធ្លីនៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងពោលទំនាស់ដីធ្លីដែលកំពុងតែស្ថិតនៅក្នុងដៃរបស់ក្រសួងដែនដី មាននៅក្រោម១ពាន់រឿង ហើយមន្រ្តីក្រសួងកំពុងតែប្រឹងប្រែងដោះស្រាយបញ្ចប់បញ្ហាក្នុងពេលឆាប់ៗខាងមុខនេះ ដោយឡែកបញ្ហារបស់បុរីក៍ក្រសួងបានដោះស្រាយបានមួយចំនួនធំ ហើយរហូតមកដល់ពេលនេះមានបុរីជាង ២០ប៉ុណ្ណោះដែលកំពុងតែដោះស្រាយបន្ត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print