អ្វីៗត្រូវបញ្ចប់ ព្រហ្មចារីបរិសុទ្ធដែលនារីគ្រប់រូបចង់រក្សាទុកសម្រាប់ពេលមានស្វាមីនោះ ឥឡូវនេះត្រូវរលាយអស់ហើយ។ មើលចុះកញ្ចាស់ចិនក្បាលឆកក្រោយពីរួមមេត្រី ជាមួយនារីខ្មែរបរិសុទ្ធរួចហើយ គេចូលបន្ទប់ទឹកជម្រះកាយយ៉ាងស្អាត ទើបមកឈរនៅមុខកញ្ចក់យកដៃសិតសក់ទាញយកសក់បួនដប់សរសៃមកគ្របលើក្បាលឆករលោងរួចញញឹមខ្ជឹបធ្វើវាហីហាក់ដូចជាមិនមានរឿងអ្វីកើតឡើង។ ចំណែកភាវី ដ៏ស្រស់តូចតន់ប្រៀបបានកូនចៀមក្នុងចង្កូមខ្លាឯណោះវិញ កំពុងដេករមួលលើពូកទាំងកម្លាំងល្ហិតល្ហៃព្រមទាំងបើកភ្នែកមិនចង់រួច។ នាងខំស្រវេរស្រវាក្រោកអង្គុយដែរតែក្រោកមិនរួច ធ្វើឱ្យអាហ៊ាល្មោភកាមដាក់គូទអង្គុយចុះក្បែរនាង រួចនិយាយជាភាសាចិនដែលមិនដឹងជានិយាយថាម៉េចទៅកាន់ភាវី ហើយបានហូតលុយបីពាន់ដុល្លារបោះលើទ្រូងនាងទើបបើកទ្វារចេញទៅបាត់ទុកឱ្យភាវីនៅតែឯង។ ភាវី ទាញភួយគ្របកាយអាក្រាត ហើយបើកភ្នែកធំៗសម្លឹងទៅពិដានសរលោងឆ្លុះឃើញរូបភាពខាងក្រោមហើយលើកដៃកាន់លុយដុល្លារ ៣០០០ ដុល្លារ មកសម្លឹងមើលដោយទាញយកក្រដាសប្រាក់ ១០០ ដុល្លារម្តងមួយសន្លឹកៗមកមើលនិងពិចារណាតែម្នាក់ឯង។ នាងគិតថា លុយពិតជាសំខាន់មែន លុយពិតជាធ្វើឱ្យមនុស្សឈ្លក់វង្វេងតោងចាប់វាយកមកប្រើប្រាស់តាមសេចក្តីត្រូវការដោយមិនគិតពីតម្លៃកិត្តិយសសេចក្តីថ្លៃថ្នូរនោះឡើយ។ ដូចជារូបនាងនាពេលនេះតែម្ដង ដើម្បីលុយហ៊ានលះបង់អ្វីៗទាំងអស់ សូម្បីតែភាពបរិសុទ្ធចំពោះសង្សារក៏នាងលែងខ្វល់ ព្រោះតែលុយ។ ឱ! បងវិសាលអើយ! សូមអត់ទោសឱ្យអូនផង ពេលនេះភាពបរិសុទ្ធនៃព្រហ្មចារីដែលអូនមានបំណងរក្សាទុកជូនបងត្រូវរលាយហើយ។ បើមានជាតិក្រោយមែននោះ អូនសច្ចាជួបបងជាថ្មីទៀត ដើម្បីជូនភាពបរិសុទ្ធរបស់អូនដល់បងជាជាមិនខាន។
យ៉ាងណា ព្រោះតែលុយនេះហើយទើបធ្វើឱ្យ ភាវី លែងគិតពីកិត្តិយសនិងសេចក្តីថ្លៃថ្នូរជានារីទៀតហើយ។ ទីបំផុតនាងបានក្លាយទៅជាស្រីកំណាន់លួចលាក់របស់ថៅកែចិនរកស៊ីតាមអនឡាញបាត់ទៅហើយ។ ការក្លាយជាស្រីកំណាន់របស់ថៅកែចិននេះទៀតសោត បានធ្វើឲ្យនាងទទួលលុយផ្គត់ផ្គង់ពីថៅកែជាប្រចាំ និងធ្វើឲ្យជីវភាពក្នុងគ្រួសាររបស់នាងមានភាពធូរស្រាលប្រសើរជាងមុនឆ្ងាយណាស់។ ជារៀងរាល់ខែនាងបានផ្ញើលុយជូនឪពុកម្ដាយដែលជួលផ្ទះគេស្នាក់នៅក្រុងភ្នំពេញមិនដែលដាច់ រហូតពូពុធ និងមីងចាន់នី ក្លាយជាអ្នកមានម្នាក់ដោយបានយកប្រាក់នោះទៅទិញដីកសាងទ្រនំផ្ទះថ្មដ៏សមរម្យមួយក្បែរជាយក្រុងភ្នំពេញ ធ្វើឱ្យអ្នកភូមិសរសើរមិនដាច់ពីមាត់។ ម្យ៉ាង ទៀតគាត់ទាំងពីរនាក់កាន់តែមានជីវភាពធូរធារដោយសារកូនស្រី។ ពូពុធបានឈប់រត់ម៉ូតូកង់បី ឯមីង ចាន់នី ក៏បានឈប់ធ្វើការនៅរោងចក្រទៀតដែរ។ គាត់ទាំងពីរនាក់ហាក់លែងខ្វល់គិតពីរឿងតោកយ៉ាកដូចមុនទៀតហើយ ពោលគឺគិតតែដើរលេងសប្បាយហ៊ឺហារ ចាយលុយលើគំនរលុយកូនផ្ញើមកជារៀងរាល់ខែ។ ចំណែកឯ សោមា ឯណោះ នាងបានឈប់រៀនហើយ ព្រោះចំហាយទឹកប្រាក់របស់បងស្រី បានជំរុញឲ្យនាងកែសម្ផស្សកាន់តែស្រស់ឆើតឆាយនិងកំពុងភ្លើតភ្លើនសេពគប់កនភឿនមិនល្អជាច្រើននាក់។ ស្ទើរតែរៀងរាល់យប់ ក្នុងភាពយុវវ័យ សោមា គិតតែដើររាំច្រៀងសប្បាយនៅតាមក្លឹប និងសេពគ្រឿងញៀនជាមួយមិត្តភក្តិ មិនខ្វល់នូវការរិះគន់ពីអ្នកជិតខាងឡើយ។ (តទៅថ្ងៃសៅរ៍ក្រោយ)
