ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងកម្មវិធីខួប១០ ឆ្នាំ នៃស្ថាប័ន Expertise France នៅទីក្រុងប៉ារីស ប្រទេសបារាំង។
តបតាមការអញ្ជើញរបស់ស្ថាប័ន Expertise France នៃសាធារណរដ្ឋបារាំង ក្នុងឱកាសនោះដែរបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏នឹងផ្ដល់បទសម្ភាសន៍ដោយផ្ទាល់ ស្តីពី “ចក្ខុវិស័យរបស់កម្ពុជាសម្រាប់ការអប់រំឆ្ពោះទៅអនាគត” (une éducation orientée vers l’avenir) ជាមួយស្ថានីយ៍ទូរទស្សន៍បារាំង។
គួរបញ្ជាក់ដែរថា ស្ថាប័ន Expertise France នឹងរៀប ចំកម្មវិធីខួប ១០ឆ្នាំរបស់ខ្លួនលើប្រធានបទ “សំណើ១០ ចំណុច សម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការអន្តរ ជាតិ” (10 propositions pour le futur de la coopération internationale) ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កម្មវិធីនេះ នឹងត្រូវរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ ដែលបង្កើតឡើងដោយស្ថាប័ន Expertise France និងសហគមន៍អ្នកអភិវឌ្ឍន៍ តាមរយៈការផ្តល់ឱកាសដល់ ដៃគូ និងភ្នាក់ងារពាក់ព័ន្ធ ដែលមានដូចជា អ្នកតំណាងសង្គមស៊ីវិល ស្ថាប័នបារាំង ស្ថាប័នអឺរ៉ុប និងស្ថាប័នអន្តរជាតិនានា ដើម្បីចូលរួមក្នុងការបញ្ចេញមតិយោបល់៕