ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ បើគ្មានការប្រែប្រួលទេ ស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀត ចាស់ទ្រុឌទ្រោម លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ(ឧទ្យានជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងបើកអោយប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នក្នុងព្រឹត្តិការណ៍”បុណ្យភ្នំ”នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។
គម្រោងស្ថាបនាស្ពានបេតុង ២កន្លែងនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះ រួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។
ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់៩៦%ហើយ ក្រោមដំណើរការបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
លោកបន្តថា ៖ ការដ្ឋានគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ នឹងដាក់ឱ្យដំណើរការប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ៕
ដោយ ៖ សិលា