ខេត្តបាត់ដំបង៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចូលជួបសំណេះសំណាល និងពិនិត្យការងារមួយចំនួន ដើម្បីស្វែងយល់អំពីការបំពេញការងារជាក់ស្ដែងរបស់របស់មន្រ្តីនគរបាលជាតិ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក ស្ថិតនៅឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សូមអធ្យាស្រ័យម្ចាស់ផ្ទះដែលចូលមកលេងដោយពុំបានជូនដំណឹងមុន។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជជែកគ្នាមួយស្របក់ធំ ខ្ញុំបានស្ដាប់ និងទទួលព័ត៌មានច្រើនពីលោកនាយប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍ដែលប្រចាំការ លើការចាត់ចែងការងារប្រចាំថ្ងៃ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ ប្រជាការពារ និងបានស្វែងយល់អំពីបញ្ហាប្រឈម និងវិធីសាស្រ្តដោះស្រាយពាក់ព័ន្ធនឹងកិច្ចការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់មន្រ្តីនគរបាលប៉ុស្តិ៍ពាមឯក ក៏រួមទាំងមន្ត្រីប៉ុស្តិ៍រដ្ឋបាលទូទាំងប្រទេស បន្តខិតខំប្រកៀកស្មាគ្នាជាមួយតួអង្គពាក់ព័ន្ធ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ស្របតាមគោលនយោបាយដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖តារា