ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី សម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា ព្រមទាំងស្រោចស្រពសុគន្ធវារី ចម្រើនព្រះជន្ម ប្រគេនព្រះអង្គគ្រូធម្មត្ថេរោ សែម សារិន្ទ ព្រះចៅអធិការវត្តវេឡុវ័ន្ត (ហៅវត្តត្រពាំងខ្នារ) ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ សម្តេចសង្ឃ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ព្រមទាំង ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។
លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងជម្រាបរបាយការណ៍ជូន លោកជំទាវបណ្ឌិត និងអង្គពិធីទាំងមូលថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាឱកាសនេះរួមមាន បណ្ណាល័យមួយខ្នងកម្ពស់២ជាន់ ទូរគុម្ពី កុដិឈើ៣ខ្នង បាសាំងទឹក ទីចាត់ការសាលា និងសមិទ្ធផលនានាមួយចំនួនទៀត ព្រមទាំងស្រោចស្រពសុគន្ធវារី ចម្រើនព្រះជន្មប្រគេនព្រះអង្គគ្រូធម្មត្ថេរោ សែម សារិន្ទ ព្រះចៅអធិកាវត្ត ដើម្បីជាការដឹងនូវ ឧបការៈគុណ របស់ព្រះអង្គគ្រូ ដែលមានចំពោះសិស្សគណគ្រប់រូប និងវត្តអារាមជាអនេកពុំអាចគណនាបាន។
លោកបន្តថា សមិទ្ធផលទាំងនេះ មិនមែនកើតដោយចៃដន្យនោះទេ ពោលគឺកើតចេញពីសន្តិភាព បើគ្មានសន្តិភាពទេ គឺមិនមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ ដោយឡែកសម្រាប់សមិទ្ធផលនានា នៅក្នុងបរិវេណវត្តវេឡុវ័ន្តនេះ គឺជាការផ្តួចផ្តើមរបស់ ព្រះអង្គគ្រូធម្មត្ថេរោ សែម សារិន្ទ និងការចូលរួមសាមគ្គី ដោយសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស។
លោក បានបញ្ជាក់ថា កម្ពុជាត្រូវបានបំផ្លាញទាំងស្រុងដោយរបបខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពឡើងវិញ និងបានបោះជំហានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិក នយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាននាំយកនូវសន្តិភាពជូនប្រទេស និងបានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់លើព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
នាឱកាសដ៏វិសេសវិសាលនេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួម។ ជាមួយនេះដែរលោកស្រីបណ្ឌិត បានលើកទ្បើងថា ក្រោយពីសម័យសង្រ្គាមមកវត្តអារាមក្នុងប្រទេសកម្ពុជា រីកដុះដាលយ៉ាងច្រើនរហូតជាង៥ពាន់វត្តនៅប្រទេសកម្ពុជា មានព្រះសង្ឃរហូតជាង៧ម៉ឺនអង្គទូទាំងប្រទេស។
លោកស្រីបណ្ឌិតបន្តថា វត្តអារាមជាទីកន្លែងផ្តល់នូវចំណេះដឹង ជាពិសេក្មេងៗជំនាន់ក្រោយ ព្រោះព្រះសង្ឃ និងទីវត្តអារាម គឺជាកន្លែងអប់រំមនុស្សអោយធ្វើអំពើល្អ តាមរយ: ព្រះសង្ឃអាចបញ្ជ្រៀបដំបូន្មានល្អៗដល់ប្រជាពុទ្ធបរិស័ទ អោយយល់ដឹងអំពី សុជីវធម៌ គុណធម៌ មានមេតា្តធម៌ ដែលទាំងអស់នេះហើយគឺជាគោលការណ៍គ្រឹះក្នុងការរស់នៅរបស់យើងក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើអោយប្រទេសជាតិកាន់តែមានសុខសន្តិភាព។ ដូច្នេះទីវត្តអារាមអាចជួយអោយប្រជាពលរដ្ឋទទួលបាននៅចំណេះដឹង និងជាទីស្ងប់សុខសម្រាប់ជនគ្រប់រូប។
សូមជម្រាបថាក្នុងឱកាសនេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យមួយចំនួន ថ្វាយប្រគេនដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងជូនថវិកាដល់ យាយជី យុវជនកាយឬទ្ធ យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ៕
ដោយ៖តារា