សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នឹងបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០-១១ ខែកុម្ភៈ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញ សេចក្តីប្រកាសព័ត៌មាន អោយដឹងថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក Ferdinand R. Marcos Jr. ប្រធានាធិបតីនៃ សាធារណរដ្ឋហ្វីលីពីន ។

អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង លោក និងលោកស្រីរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ហើយនិងថ្នាក់ដឹកនាំវិស័យឯកជននៃ សភាពាណិជ្ជកម្មកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ លោក Ferdinand R. Marcos Jr. ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ។ បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ ដឹកនាំទាំងពីរ នឹងចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា មួយចំនួន។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោក Francis “Chiz” G. Escudero ប្រធានព្រឹទ្ធសភា និង លោក Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន ។ សម្តេចធិបតី ក៏នឹងអញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើក ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តាក្រុមហ៊ុនហ្វីលីពីន ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋហ្វីលីពីននាពេលខាងមុខ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែល មានស្រាប់ រវាងប្រទេសទាំងពីរ ៕

...

ដោយ ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print