អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា ក្នុងពុទ្ធសីមាវត្តសំរោងបុរី

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា ក្នុងពុទ្ធសីមាវត្តសំរោងបុរី ហៅវត្តសំរោង ស្ថិតនៅបរិវេណវត្តសំរោងបុរី ភូមិរៀវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនោះ មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកឧកញ៉ា លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្ត បានលើកឡើងថា៖ បើយើងក្រឡេកថយក្រោយទៅកាន់សម័យប៉ុលពតជារបបវាលពិឃាត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ដោយមានការយកជីវិតទៅប្ដូររបស់សម្ដេចទាំងទ្វេ និងឥស្សរជនឆ្នើមដទៃទៀត បានរំដោះប្រទេសជាតិរួចចាកផុតពីរបប ខ្មៅងងឹត យង់ឃ្នង ធ្វើប្រទេសជាតិទទួលបានសុខសន្តិភាព រហូតមកដល់ពេលបច្ចុប្បន្ន។

លោក បានបន្តទៀតថា៖ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកបដោយចីរភាព និងបរិយាប័ន្ន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ 

លោក ពិតជាមានមោទនភាពបំផុត ជាមួយនឹងសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គី របស់សប្បុរសជននានា និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមកសាង ឱ្យកើតចេញជាសមិទ្ធផលទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង។

ជាចុងក្រោយ លោក ប៉ែន កុសល្យ អភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធិផលដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ អោយបានគង់វង្សស្ថិតស្ថេរ ដើម្បីជាការចូលរួមចំណែក្នុងការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនា និងបានណែនាំដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់ប្រភេទ។ 

បើតាមការឱ្យដឹង ពីលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ វត្តសំរោងបុរី (ហៅវត្តសំរោង) ត្រូវបានផ្តើមកសាង ឡើងនៅឆ្នាំ១៨៩៧ គិតមកដល់បច្ចុប្បន្នមានអាយុកាល ១២៨ឆ្នាំហើយ ចាប់តាំងពីកកើតវត្ត រហូតមកដល់បច្ចុប្បន្នមាននេះ មានព្រះតេជគុណចំនួន ៧អង្គបានគង់នៅជាព្រះចៅអធិការ រហូតមកដល់ពេលបច្ចុប្បន្ននេះ ព្រះនាមព្រះមហារាជបុរិសោ មឿន សុជាតិ បន្តការថែរក្សា ស្ថាបនា និងកសាងនូវសមិទ្ធផលនានាជាច្រើនទៀត។

ដោយឡែក សមិទ្ធផលត្រូវសម្ពោធឆ្លង រួមមាន ៖ ១-ផ្លូវបេតុង ១ខ្សែ ២.ផ្លូវក្រាលក្រួសក្រហម ៣.របងវត្ត ៤.ក្រាលឥដ្ឋកន្សែងខាងមុខព្រះវិហារ ៥.ក្រាលការ៉ូឡាជុំវិញព្រះវិហារ ៦.ចាក់សាបខាងជើងព្រះវិហារ ៧.ក្រាលការ៉ូឡាខាងជើងព្រះវិហារ ៨.បន្ទប់អនាម័យ ៩.រូបសត្វរាជសីហ៍ ១០.រោងសម្រាប់ទទួលភ្ញៀវ សរុបចំណាយលើការសាងសង់អស់ចំនួន ១៣៣.៣៨០ ដុល្លារផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print