ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តា ជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចធ្វើការចោទប្រកាន់ក្រុមក្មេងទំនើងចំនួន ០៩នាក់ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារី) តាមមាត្រា ២១៨ កថាខណ្ឌទី១ ចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០២ឆ្នាំ ទៅ ០៥ឆ្នាំ។ ក្មេងទំនើងចំនួន ០៦នាក់ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ តាមនីតិវិធី ចំណែកក្មេងទំនើងចំនួន ០៣នាក់ទៀត កំពុងរត់គេចខ្លួន។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៥នាក់ បានធ្វើសកម្មភាព ដេញវាយក្រុមក្មេងទំនើង ០១ក្រុមទៀតមានគ្នាចំនួន ០២នាក់ ទើបក្រុមក្មេងទំនើងមានគ្នាចំនួន ០២នាក់ បាន ហៅបក្ខពួកខ្លួនចំនួន ០៥នាក់ទៀត ដើម្បីឱ្យមកសងសឹកវិញ និងបាននាំគ្នាជិះម៉ូតូទៅដល់ចំណុចខាងលើ បាន ប្រទះឃើញជនរងគ្រោះចំនួន ០៣នាក់ កំពុងអង្គុយលេងនៅមាត់ស្ទឹងសង្កែក្បែរស្ពាន១៣មករា ដោយចោទថា ជនរងគ្រោះ គឺជាក្រុមភាគីម្ខាងទៀត ក៏បានធ្វើសកម្មភាពយកមួកការពារសុវត្ថិភាពគប់ និងវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស។
អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅតែអំពាវនាវដល់អាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់ ខ្ពស់បំផុតក្នុងការអប់រំកូនចៅធ្វើជាពលរដ្ឋល្អ តាមដានសកម្មភាពរបស់កូនចៅ ដើម្បីធ្វើយ៉ាងណា កុំឱ្យពួកគេធ្លាក់ ចូលក្នុងក្រុមក្មេងទំនើង ដែលបង្កចលាចលដល់សង្គមតាមរយៈការប្រព្រឹត្តអំពើល្មើសច្បាប់ និងជៀសឱ្យឆ្ងាយពី ក្រុមក្មេងទំនើង ដែលនាំឱ្យមានទោសទណ្ឌដល់ខ្លួន។
អយ្យការអមសាលាដំបូងខេត្តបាត់ដំបង សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា យុទ្ធនាការបង្ក្រាបក្មេងទំនើង និង ការអនុវត្តច្បាប់យ៉ាងតឹងរឹងលើករណីក្មេងទំនើងនៅតែបន្តជានិច្ច គ្មានការអត់ឱនបានឡើយ ដើម្បីធានាឱ្យបាននូវ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គមជូនប្រជាពលរដ្ឋ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អាណាព្យាបាល មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕
ដោយ ៖ សិលា