ព្រឹកនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ÷ នៅព្រឹកថ្ងៃចន្ទនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃ សាធារណរដ្ឋហ្វីលីពីន។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឯកឧត្តម និងលោកជំទាវរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ហើយនិងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr.ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។

បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ នឹងចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាមួយចំនួន។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តម Francis “Chiz” G. Escudero ប្រធានព្រឹទ្ធសភា និងឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន ។

សម្ដេចធិបតី ក៏នឹងអញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើកក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តាក្រុមហ៊ុនហ្វីលីពីន ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់សាធារណរដ្ឋហ្វីលីពីននាពេលខាងមុខ នឹងផ្តល់សម្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ រវាងប្រទេសទាំងពីរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print