ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore) និងសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Pan Pacific Singapore ក្រោមវត្តមានលោក Jimmy Toh អគ្គនាយកប្រតិបត្តិនៃ PA និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ អនុស្សារណៈនេះ គឺជាអនុស្សារណៈនៃការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នដែលជាដៃគូទាំងពីរ ដែលមានស្នាដៃលេចធ្លោក្នុងការងារសង្គម ស្ម័គ្រចិត្ត មនុស្សធម៌ និយុវជននៅក្នុងប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា ៖ កន្លងមក ស្ថាប័ននៃប្រទេសទាំងពីរ ធ្លាប់បានសហការគ្នាយ៉ាងជិតស្អិតលើការអភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌ និងសិល្បៈ ដែលក្នុងនោះ ស្ថាប័នទាំងពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាជាច្រើនលើក។ អនុស្សារណៈនាខណៈនេះ ក៏នឹងបើកឱកាសកាន់តែធំ សម្រាប់ស្ថាប័នទាំងពីរ ក្នុងការពង្រីកសក្តានុពលនៃស្ថាប័នរៀងៗខ្លួន និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជាជន ជាពិសេសយុវជននៃប្រទេសយើងទាំងពីរ ៕
ដោយ ៖ សិលា