សារព័ត៌មាន Mirror បានផ្សាយថា អ្នកដំណើរនៅលើយន្តហោះ Boeing 787-800 ២៤០នាក់រួមទាំងក្រុមពហុនិកា ការការតក់ស្លុតយ៉ាងខ្លាំងក្រោយពេលឃើញម៉ាស៊ីនខាងឆ្វេងមួយរបស់វា បានផ្ទុះឆេះចេញអណ្ដាតភ្លើងសន្ធោសន្ធៅ។ តែសំណាងល្អយន្តហោះខាងលើមិនទាន់ហោះចេញពីទីលាន បើឆេះនៅលើអាកាសអាចនឹងមានរឿងអាក្រក់កើតឡើងជាមិនខាន។
ឧប្បត្តិហេតុផ្ទុះឆេះម៉ាស៊ីនយន្តហោះនេះបានកើតឡើងក្នុងខណៈដែលយន្តហោះចាប់ផ្តើមបង្កើនល្បឿនរត់ដើម្បីធ្វើការហោះឡើង នៅអាកាសយានដ្ឋានអន្តរជាតិ ណារីតា ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ហើយភ្លាមៗនោះ ពីឡុតបានបត់យន្តហោះចូលទៅកន្លែងចតវិញ ដើម្បីជម្លៀសអ្នកដំណើរ និងពន្លត់ភ្លើង ដែលកំពុងឆាបឆេះ។
ក្រោយពេលឈប់ភ្លាមមនុស្សនៅលើយន្តហោះទាំងអស់ ត្រូវបានជម្លៀសចេញ ដោយសុវត្ថិភាព និងបានប្តូរទៅកាន់យន្តហោះ ទំនេរមួយទៀត ដើម្បីធ្វើការបន្តដំណើរ ទៅកាន់ទិសដៅរបស់ខ្លួន គឺទីក្រុងសៀងហៃ បន្ទាប់ពីអណ្ដាតភ្លើងនោះត្រូវបានពន្លត់។
ក្រុមអ្នកឯកទេសក៏បានទៅត្រួតពិនិត្យស្វែងរកមូលហេតុបណ្តាលឲ្យមានការឆេះខាងលើកើតឡើង។ នៅពេលនេះខាងក្រុមហ៊ុនមិនទាន់ផ្តល់ព័ត៌មានពាក់ព័ន្ធឧប្បត្តិហេតុខាងលើនៅឡើយទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី