រឿង រនោចជីវិត

ចែករំលែក៖

នៅថ្ងៃដំបូងដែលប្រជាជនកម្ពុជាត្រូវខ្មែរក្រហមជម្លៀសចេញពីផ្ទះមួយរយៈ ដោយខ្មែរក្រហមកុហកប្រជាជនថា អាមេរិកនឹងទម្លាក់គ្រាប់បែក។ ពេលធ្វើដំណើរប្រជាជនខ្លះមានរទេះគោក្របីសម្រាប់ដឹកជញ្ជូនឥវ៉ាន់ ខ្លះគ្មានរទេះ ក៏រែករបស់របរតាមដែលអាចយកទៅបាន និងអ្នកខ្លះទូលសំពីងសំពោងធ្វើដំណើរណែនពាសពេញផ្លូវចេញពីទីក្រុងភ្នំពេញ។

ពូនេត និង មីងភី មានកូនស្រីចំនួនពីរនាក់។ កូនស្រីច្បងរបស់គាត់ឈ្មោះ ភាព មានអាយុ ៤ ឆ្នាំ និងកូនទី២ឈ្មោះ ផល អាយុទើបតែជាងមួយខួបប៉ុណ្ណោះ។
ក្រុមគ្រួសាររបស់ពូនេត ក៏មិនខុសពីប្រជាជនដែលជម្លៀសចេញពីទីក្រុងភ្នំពេញដែរ។ ពួកគាត់ត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅកន្លែងផ្សេង។ នៅពេលជម្លៀសមីង ភី បានដាក់កូនតូចរបស់គាត់ក្នុងសង្រែកម្ខាង ហើយសង្រែកម្ខាងទៀតដាក់អីវ៉ាន់រែកដើរតាមផ្លូវ។ ចំណែកពូ នេត វិញបររទេះគោដឹករបស់របរ ចាន ឆ្នាំង អង្ករ កូនស្រីច្បង ព្រមទាំងម្ដាយរបស់គាត់ទៅជាមួយដែរ។ ពួកគាត់ជាមួយនឹងអ្នកភូមិបានធ្វើដំណើរទាំងយប់ចាកចេញពីភូមិត្រពាំងរុន ឃុំតានី ឆ្ពោះទៅទិសខាងកើត។ ពេលសំឡេងគ្រាប់កាំភ្លើងស្ងាត់បន្តិច ពួកគាត់នាំគ្នាសម្រាកនៅក្បែរជើងភ្នំរហូតដល់មេឃភ្លឺបន្តិចទើបដឹងថា ពួកគាត់មកដល់ជើងភ្នំសន្លុងដែលស្ថិតក្នុងខេត្តតាកែវ។ ពួកគាត់សម្រាកដាំបាយហូបនៅទីនោះដោយមិនទាន់សម្រេចចិត្តថានឹងធ្វើដំណើរទៅទីណាទៀត។ពួកគាត់ចេះតែធ្វើដំណើរទៅរហូតជិតដល់ព្រំដែនវៀតណាមស្រាប់តែមានកងឈ្លបមួយក្រុមស្ពាយអាវុធ ព្រមទាំងមានគ្រាប់ជាប់ពេញទាំងខ្លួនមកប្រាប់ថា ឲ្យត្រឡប់ទៅក្រោយវិញ ព្រោះខ្លាចមានគ្រោះថ្នាក់។
យើងមិនបានត្រឡប់ទៅផ្ទះវិញទេព្រោះសង្គ្រាមបានកើតឡើងហើយ។ប្រជាជនម្នាក់ៗព្រួយបារម្ភគ្រប់គ្នា។ នៅតាមផ្លូវប្រជាជនណាដែលមានរទេះគោ និងសម្ភារៈផ្សេងៗ ត្រូវអង្គការដករហូតយកទុកជារបស់រួមទាំងអស់លើកលែងតែសម្លៀកបំពាក់តែប៉ុណ្ណោះ។ ពូ នេត និងក្រុមគ្រួសារបានមកដល់ទីតាំងថ្មីមួយនៅស្រុកជុំគីរី ដែលជាតំបន់ដាច់ស្រយាលជាប់ព្រំដែនខេត្តកំពង់ស្ពឺ។
ខ្មែរក្រហមឲ្យពួកគាត់ឈប់ធ្វើដំណើរទៅមុខទៀត ហើយឲ្យតាំងទីលំនៅនៅទីនោះ។ ប្រជាជនចាប់ផ្ដើមរស់នៅរួម ធ្វើការរួម ចំណែកឯកងទ័ពខ្មែរក្រហមកាន់តែកើនឡើង ព្រោះមានប្រជាជនជាច្រើនចូលធ្វើកងទ័ព ។ ការរស់នៅទីនោះគ្មាននរណាមាន នរណាក្រទេ ប្រជាជនរស់នៅដូចៗគ្នា ស្លៀកពាក់ខោអាវខ្មៅដូចគ្នា ធ្វើការរួមគ្នា និងគ្មានអ្វីជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ អ្វីៗជាកម្មសិទ្ធិរបស់អង្គការទាំងអស់។ ប្រសិនបើនរណាមិនព្រមធ្វើតាមអង្គការនោះទេ នឹងត្រូវចាត់ទុកជាខ្មាំង ហើយត្រូវយកទៅសម្លាប់ចោល។ចំណែកឯការប្រមូលផ្ដុំមនុស្សជាក្រុមវិញ គឺត្រូវចែកជាផ្នែកផ្សេងពីគ្នាដូចជា ក្រុមកុមារ ក្រុមយុវជននិងក្រុមមនុស្សចាស់។ ចំណែកឯប្ដីប្រពន្ធត្រូវរស់នៅបែកពីគ្នាមិនអាចឲ្យនៅជាមួយគ្នា ឬជិតគ្នាទេព្រោះខ្លាចរួមផ្សំគំនិតគ្នាក្បត់អង្គការ ឬរវល់តែជួយគ្នាខាតការងាររបស់អង្គការ។ កុមារតូចៗត្រូវអង្គការចាត់ឱ្យដើររើសអាចម៍គោ និងកាប់ដើមទន្ទ្រានខេត្រយកទៅធ្វើជី។ យុវជនវ័យចំណាស់ និងជនពេញកម្លាំងអង្គការចាត់តាំងឲ្យឃ្វាលគោ លើកភ្លឺស្រែ ជីកប្រឡាយ និងលើកជាទំនប់។ ការងារទាំងអស់សុទ្ធតែមានកំណត់ និងតឹងរ៉ឹងណាស់។
ពូនេត និងយុវជនមួយក្រុមទៀតត្រូវបានអង្គការបញ្ជូនឲ្យទៅភ្ជួរស្រែ និងឃ្វាលក្របីនៅឯភូមិតាកុក ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកឯមីង ភី ត្រូវអង្គការចាត់ឱ្យនៅជាមួយកងនារីក្នុងភូមិត្រពាំងរាំង ឆ្ងាយពីពូនេតរាប់គីឡូម៉ែត្រ។ ឯកូនតូចរបស់គាត់រស់នៅជាមួយយាយចាស់ៗហើយកូនច្បងត្រូវអង្គការចាត់ចូលក្នុងកងកុមារ។ អំឡុងពេលនោះការហូបចុកមិនគ្រប់គ្រាន់នោះទេ ចុងភៅបបរអង្ករសុទ្ធតែទឹកបង់តែអំបិល ពេលខ្លះអត់អំបិលទៀតចែកឲ្យហូបកំណត់ក្នុងម្នាក់ៗតែមួយវែកប៉ុណ្ណោះ។ជួនកាលទៀតបបរមានលាយជាមួយដើមចេក ព្រលិត និងត្រកួនក៏មានដែរ។ ដោយសារតែអាហារ ការរស់នៅខ្វះអនាម័យនិងធ្វើការងារធ្ងន់ធ្ងរធ្វើឲ្យប្រជាជនមួយចំនួនធ្លាក់ខ្លួនឈឺរាករូសស្លាប់ជាហូរហែ។
ពូណេតខំធ្វើការងារខ្លាំងពេករហូតធ្លាក់ខ្លួនឈឺ។ កងឈ្លបតែងតែមកតាមសួរពូនេតដល់ផ្ទះខ្លាចគាត់ធ្វើពុតជាឈឺខ្ជឹលធ្វើការ។ ថ្ងៃមួយឈ្លបបានមកដល់ស្រែកសួរពូណេតថា មិត្តនេត ម៉េចមិនឃើញទៅធ្វើការ? ឮដូច្នោះពូនេតឆ្លើយតបទៅវិញភ្លាមៗថា មិត្តប្អូនខ្ញុំឈឺពីរបីថ្ងៃហើយ ងើបក៏មិនរួចទើបមិនបានទៅធ្វើការ។ ពូនេតកំពុងដណ្ដប់ភួយញាក់រង្គើពេញទាំងខ្លួន សាច់ក្តៅស្លេកស្លាំង កម្លាំងកក៏ខ្សោយ។ ឈ្លបវ័យចំណាស់ម្នាក់យកដៃស្ទាបមើលឃើញថា ឈឺមែនក៏សួរថាតើមានបានលេបថ្នាំហើយឬនៅ មិត្តនេត? បើនៅទេ ចាំខ្ញុំស្នើទៅអង្គការឲ្យមិត្តសម្រាកបានពីរបីថ្ងៃទៀត ហើយស្នើថ្នាំមកឱ្យលេប។ឥឡូវមិត្តនេតឯងសម្រាកសិនចុះ។ ឮដូច្នេះ ពូនេត ស្រាលក្នុងចិត្តបន្តិច ហើយក៏ស្នើសុំទៅឈ្លបនោះថា មិត្តបងខ្ញុំសុំឲ្យប្រពន្ធខ្ញុំមកមើលខ្ញុំបានទេ ខ្ញុំឈឺច្រើនថ្ងៃហើយ ប្រពន្ធខ្ញុំមិនទាន់ដឹងទេហើយខ្ញុំឈឺធ្ងន់ខ្លាចមើលមិនជា។ ពេលនោះអ្នករស់នៅជាមួយគ្នានៅទីនោះក៏ឡើងមកហើយជួយនិយាយថា មិត្ត នេត នេះឈឺពីរបីថ្ងៃហើយ មិត្តបងជួយស្នើឱ្យប្រពន្ធគាត់មកមើលផង កុំឲ្យគាត់បារម្ភក្រែងឆាប់ជា ព្រោះគ្មាននរណានៅមើលគាត់ទេ គាត់ឈឺមែន មិនមែនឈឺពុតទេ ដូចឃើញស្រាប់ហើយ។ ឈ្លបក៏យល់ព្រមស្នើទៅអង្គការឲ្យពូនេត។(នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print