ជំនួបពិភាក្សាការងារជាមួយវិនិយោគិនដែលមកស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោក Daniel Spitzer ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Mountain Hazelnuts និងលោក Andreas Groetschel អគ្គនាយកក្រុមហ៊ុន Kamya ក្នុងគោលបំណងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេស ឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ នាឱកាសនេះ លោកអគ្គលេខាធិការ បានថ្លែងអំណរគុណដល់វិនិយោគិនដែលបានចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យនេះ ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ លោកអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃ ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាសមិទ្ធិលទ្ធភាពនៃការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print