ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងថា កម្ពុជា ធ្លាប់ជាប្រទេសមួយដែលខ្វះស្រូវ-អង្ករទទួលទាន ប៉ុន្តែឥឡូវនេះ បានក្លាយទៅជាប្រទេសមួយដែលមានស្រូវ-អង្ករគ្រប់គ្រាន់ រហូតដល់នៅសល់សម្រាប់ការនាំចេញទៀតផង។
ជុំវិញបញ្ហាពិបាករកទីផ្សារ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារប្រទេសឥណ្ឌា ចាប់ផ្តើមធ្វើការនាំចេញអង្ករឡើងវិញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាមូលហេតុមួយដែលកាត់បន្ថយទីផ្សារនាំចេញអង្កររបស់ប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតប្រទេសមួយចំនួន ដូចជាឥណ្ឌូនេស៊ីជាដើម បានសម្រេចកាត់បន្ថយការនាំចូលអង្ករពីប្រទេសផ្សេងៗ រួមទាំងកម្ពុជា វៀតណាម និងថៃផងដែរ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាកសិករនឹងផ្តល់ការយោគយល់នូវស្ថានភាពរួម មិនមែនរដ្ឋាភិបាល មិនយកចិត្តទុកដាក់នោះទេ។ ប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយ យើងមានស្រូវ បើសិនជាយើងមិនបន្ទាន់ពេកទេ យើងអាចហាលទុកក្នុងជង្រុក ចាំពេលណាតម្លៃល្អយើងអាចលក់ចេញក៏បាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ពិតហើយដែលប្រជាកសិករមានតម្រូវការសងទៅធនាគារ ដោយសារបញ្ហាការទិញនេះទិញនោះ ក៏ប៉ុន្តែហោចណាស់គឺបានបញ្ជាក់ច្បាស់ថាយើងមានអង្ករច្រកឆ្នាំង ដែលចំណុចនេះកាលពីមុនយើងអត់មានអង្ករច្រកឆ្នាំងនោះទេ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលបានផ្តល់ការទុកចិត្តចំពោះអ្នកបន្តវេន ដែលមិនធ្វើឲ្យមានការច្របូកច្របល់នាំទៅដល់ការភ័យខ្លាចទៅដល់ប្រជាជន ហើយនឹងមិននាំទៅដល់ស្ថានភាពអាក្រក់ណាមួយដែលគ្រប់គ្រងមិនបាននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «សូមបញ្ជាក់ថា ការកសាងនៅវត្តស្វាយពពែអស់ថវិកាជាង ១.២លានដុល្លារ នឹងនៅទីនេះ (វត្តព្រះឥន្ទសាមគ្គីធម៌) កសាងអស់ ២.៦លានដុល្លារ, ខ្ញុំករុណាខ្ញុំ អត់ប៉ះពាល់ថវិកាជាតិសូម្បីមួយសេន»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចធ្លាប់អនុវត្តអគ្គបញ្ជារការមួយ អគ្គសេនាធិការមួយ បានសេចក្តីថា អគ្គបញ្ជារការគឺនាយករដ្ឋមន្ត្រី អគ្គសេនាធិការ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្តេចបានខិតខំដើម្បីចលនាគ្នីគ្នាប្រមូលទុនដើម្បីសាងសង់វត្តស្វាយពពែ នៅទីក្រុងភ្នំពេញផង និងនៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅខេត្តកណ្តាលផង ហើយសម្តេចនឹងមិនធ្វើជា សត្រូវជាមួយនឹងលុយនោះទេ គឺគៀងគរគ្នាប្រមូលថវិកា ដើម្បីយកមកជួយកសាងវត្តអារាម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការរៀបចំកសាងសមិទ្ធផលនានា ក្នុងវត្តនេះគឺត្រឹមត្រូវហើយ ព្រោះបញ្ហានេះវាមានប្រតិសកម្ម រវាងពុទ្ធចក្រ និងអាណាចក្រ ហើយពុទ្ធចក្របានជួយដល់អាណាចក្រ លើការបណ្តុះបណ្តាលធនធានមនុស្ស និងលើការអប់រំមនុស្សឱ្យធ្វើអំពើល្អផងដែរ៕
ដោយ ៖ សិលា