កីឡាករ Jude Bellingham របស់ Real Madrid រកបានគ្រាប់បាល់ចុងក្រោយដើម្បីផ្តល់ឱ្យម្ចាស់ជើងឯក Champions League ទទួលជ័យជម្នះ ៣ទល់នឹង២ លើក្រុមម្ចាស់ផ្ទះ Manchester City ក្នុងការប្រកួតជើងទី១នៃវគ្គជម្រុះ Playoff កាលពីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១២ កុម្ភៈនេះនៅឯកីឡដ្ឋាន Etihad។
Kylian Mbappe និង Brahim Diaz ក៏បានម្នាក់១គ្រាប់ផងដែរឲ្យ Real Madrid ដើម្បីតាមស្មើពីការស៊ុតបញ្ចូលទី២គ្រាប់របស់ Erling Haaland ដោយបង្កើតនូវអ្វីដែលគួរតែជាការប្រកួតជើងទី២ដ៏អស្ចារ្យបន្តទៀតនៅថ្ងៃទី១៩ ខែកុម្ភៈក្នុងទីក្រុង Madrid រវាងក្រុមខ្លាំងទាំង២នៅអឺរ៉ុប និងគូជាប្រជែងធំជាងគេ។
Haaland បានបើកការស៊ុតបញ្ចូលទីនាំឲ្យ Man City នៅនាទីទី១៩ជាមួយនឹងគ្រាប់ដំបូងក្នុងអាជីពរបស់គេទល់នឹង Real នៅពេលដែល Josko Gvardiol បញ្ជូនបាល់ទៅមុខទីគូប្រកួត។ គ្រាប់បាល់បញ្ចូលទីនេះក៏ត្រូវបានការពិនិត្យតាមរយៈ VAR ផងដែរ ដើម្បីឲ្យប្រាកដថា ជាបាល់មិន Offside។
Mbappe បានតាមស្មើវិញនៅនាទីទី៦០ជាមួយនឹងការបញ្ជូនបាល់ឆ្ងាយរបស់កីឡាករ Dani Ceballos ប៉ុន្តែខ្សែប្រយុទ្ធ Haaland បានស៊ុតពីបាល់ប៉េណាល់ទីនៅនាទីទី៨០ជួយ Man City នាំមុខមកវិញបន្ទាប់ពី Dani Ceballos បានទាត់ Phil Foden ចំជង្គង់ខាងស្តាំរបស់គាត់ក្នុងប្រអប់ទី ដែលវាគឺជាគ្រាប់ទី៤៩របស់គាត់ក្នុងការប្រកួត៤៨ប្រកួតនៅ Champions League របស់ Haaland។
Man City បានជួបការលំបាកក្នុងការរក្សាការនាំមុខក្នុងរដូវកាលនេះ ដោយបានបណ្តោយឱ្យមានគ្រាប់បាល់បញ្ចូលទីចំនួន២គ្រាប់នៃការប្រកួត Champions League នេះ ហើយអតីតកីឡាកររបស់ Man City គឺ Brahim Diaz បានស៊ុតបាល់បញ្ចូលទីតាមស្មើវិញនៅនាទីទី៨៦។
កីឡាករអន្តរជាតិអង់គ្លេស Bellingham រកបានគ្រាប់ជ័យជម្នះនៅនាទីទី៩២ ដើម្បីរក្សាជ័យជម្នះរបស់ Real Madrid ក្នុងជើងទី១ បន្ទាប់ពីការព្យាយាមស៊ុតរបស់ Vinicius ហើយត្រូវបានរារាំងដោយអ្នកចាំទី ប៉ុន្តែបាល់បានខ្ទាតជាឱកាសរបស់ Bellingham បន្ថែមបញ្ចូលទីតែម្តង។
Real និង Man City បានបរាជ័យក្នុងការកក់កៅអីវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមកំពូលទាំង៨ក្នុងតារាង Champions League ក្នុងទម្រង់លីកដំណាក់កាលថ្មី ដែលមានន័យថា គូប្រជែងចាប់ពីឈរចំណាត់ថ្នាក់លេខ៩ដល់លេខ២៤ ត្រូវលេងក្នុងវគ្គ Playoff ដើម្បីដណ្តើមកៅអីទៅវគ្គ១៦ក្រុម៕
(រូបភាព ៖ BBC/Reuters)