ដោះស្រាយដល់ណាហើយ ! រឿងរោងចក្រស្វាយនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្ហូរកាកសំណល់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ រោងចក្រស្វាយនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្ហូរកាកសំណល់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ សិស្សានុសិស្ស, ពលរដ្ឋស្នើអាជ្ញាធរខេត្តជួយដោះស្រាយ ជាពិសេសជំនាញពាក់ព័ន្ធ ។ ប៉ុន្តែរឿងនេះដដែលៗតែងកើតមាន ដូច្នេះសង្ឃឹមថា លោក ជាម សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងខាងក្រសួងបរិស្ថានពិចារណាក្នុងរឿងនេះផង ដើម្បីការពារសុខភាពដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ៖ រោងចក្រកែច្នៃស្វាយមួយកន្លែងឈ្មោះ សានផ្លាស អ៊ីនធើណេសិនណល ឯ.ក មានទីតាំងនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងការរិះគន់ពីប្រជាពលរដ្ឋថា បានបង្ហូរទឹកសំណល់ ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយយ៉ាងខ្លាំងប៉ះដល់ប្រជាពលរដ្ឋ សិស្សានុសិស្សដែលរស់នៅក្បែរទីតាំងនោះ។

ដោយស្ថានភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់ប៉ះពាល់ខ្លាំង មិនមានអាជ្ញាធរ ឬសមត្ថកិច្ចដឹងលឺនោះ ប្រជាពលរដ្ឋមូលដ្ឋានរស់នៅក្បែររោងចក្រ សានផ្លាស អ៊ីនធើណេសិនណល ឯ.ក ធ្លាប់បាននាំគ្នាផ្ដិតមេដៃធ្វើលិខិតស្នើសុំកិច្ច អន្ដរាគមន៍ ពីអាជ្ញាធរខេត្ត ពិសេសស្ថាប័នជំនាញមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ជួយដោះស្រាយបញ្ហាដែលបង្កដោយរោងចក្រខាងលើ តែនៅមិនមានដំណោះស្រាយ។

ប្រជាពលរដ្ឋបានអះអាងថា បច្ចុប្បន្ននេះពួកគាត់បានជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃជាខ្លាំង ដោយហេតុថា រោងចក្របានបញ្ចេញកាកសំណល់ទឹកកខ្វក់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន ពិសេសសិស្សានុសិស្សតូចៗដែលសិក្សារៀនសូត្រក្នុងសាលានៅក្បែរទីតាំងរោងចក្រ។

ក្នុងន័យនេះ ប្រជាពលរដ្ឋបានស្នើសុំយ៉ាងទទូចដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដើម្បីជួយពិនិត្យលើផលប៉ះពាល់របស់ពួកគាត់ដែលបង្កដោយរោងចក្រកែច្នៃស្វាយខាងលើ ពិសេសដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងកូនតូចសិស្សសាលា។ ករណីនេះកន្លងទៅ ក៏ធ្លាប់មានប្រជាពលរដ្ឋប្ដឹងទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្ដែមិនទាន់មានដំណោះស្រាយណាមួយនោះទេ។
រឿងនេះខាងសារព័ត៌មានក្នុងស្រុកចុះផ្សាយយូរហើយបតែលទ្ធផល នៅដដែល ។
មន្ត្រីសាលាខេត្តបានធ្លោយថា រឿងនេះអាជ្ញាធរខេត្តកំពុងធ្វើការហើយ។
ក្រសួងបរិស្ថានឃើញយកចិត្តទុកដាក់បញ្ហាថង់ប្លាស្ទីក សម្រាម ប៉ុន្តែបញ្ហាការបង្ហូរជាតិស្អុយ ជាតិពុល ចាំបាច់ក៏ត្រូវរឹតបន្តឹង ព្រោះការពារចម្បងដល់សុខភាពប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលរស់នៅជិតៗ កន្លែងក្រុមហ៊ុនធ្វើអាជីវកម្ម មិនអនុលោមទៅតាមការណែនាំរបស់ក្រសួងនេះផង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print