ខេត្តស្ទឹងត្រែង ៖ កំពង់សាឡាងតាំងពីសម័យបារាំង នៅខេត្តស្ទឹងត្រែងត្រូវបានជួសជុលកែលម្អឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរ តាមរយៈការផ្តួចផ្តើមពីលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត តែងមានឆន្ទះលើកតម្កល់ផលប្រយោជន៍រួមរបស់ជាតិជាធំ ។
សូមបញ្ជាក់ថា ៖ ផ្លូវកំពង់សាឡាងក្រុងស្ទឹងត្រែង ដែលរងការខូចខាតស្ទើរទាំងស្រុង ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែងជួសជុលកែលម្អឡើងវិញ ដើម្បីប្រយោជន៍ក្នុងការទាក់ទាញអ្នកទេសចរដែលមកលេងកម្សាន្តខេត្តស្ទឹងត្រែង ។ ខណៈជាច្រើនអាណត្តិមកហើយ ឃើញថាទុកឱ្យនៅដដែល នឹងកាន់តែទ្រុឌទ្រោម។
លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានថ្លែងប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈដែលលោកកំពុងចុះពិនិត្យទីតាំងនោះដូច្នេះថា លោកចង់រក្សាសមិទ្ធផលចាស់ ហើយនឹងកែលម្អសោភណភាពស្របទៅគោលការណ៍ រក្សាចាស់ អភិវឌ្ឍន៍ថ្មី ហើយកែសោភណភាពទីនេះឲ្យទៅជាកន្លែងដែលមានលក្ខណៈស្រស់ស្អាតឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលប្រារព្ធនូវពិធីប្រពៃណីផ្សេងៗមានបណ្តែតប្រទីបក្នុងឱកាសបុណ្យភ្ជុំជាដើម។ លោកបន្តថា បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលពួកគាត់បើកទូកមកដោះដូរទំនិញនៅទីនេះ និងចុងក្រោយទីកន្លែងនេះនឹងក្លាយជាកន្លែងទេសចរណ៍ ពេលដែលធ្វើស្អាតរួចរាល់។
ជាមួយគ្នានេះ លោក សរ សុពុត្រា បានបញ្ជាក់ថា ចំពោះថវិកាដែលជួសជុលនេះ គឺជាប្រាក់ខែផ្ទាល់ខ្លួនរបស់លោក មិនយកថវិកាជាតិមកចំណាយនោះទេ ។
បើតាម លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវកំពង់សាឡាងចាស់នេះ នឹងចាប់ផ្តើមជួសជុលនៅសប្តាហ៍ក្រោយនេះហើយ។
លោកថា ផ្លូវនេះមានប្រវែង១៣១ម៉ែត្រ ទទឹង៦ម៉ែត្រ នឹងសម្រុកធ្វើឲ្យរួចរាល់ឆាប់ៗនៅពេលប៉ុន្មានខែខាងមុខនេះ។
ប្រជាពលរដ្ឋគាំទ្រ ការដឹកនាំរបស់លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ធ្វើឱ្យខេត្តជាប់ព្រំដែនឡាវមួយនេះ មានការអភិវឌ្ឍជាបន្តបន្ទាប់ ៕
ដោយ ៖ សិលា