រឿង រនោចជីវិត( ត)

ចែករំលែក៖

ចំណែកឯមីងកី វិញបានចូលធ្វើការនៅកន្លែងចុងភៅបានមួយរយៈហើយ។ មីងគ្រីស បាននាំមីងកី មកធ្វើការនៅកន្លែងចុងភៅនៅភូមិត្រពាំងរាំង ឃុំតានី ។ មីងគ្រីសធ្លាប់ស្គាល់ម្ដាយមីងកីហើយដោយឃើញមីងកី ជាមនុស្សស្លូត មីងគ្រីស បានសុំប្រធានក្រុមឲ្យមីងកីមកធ្វើចុងភៅជាមួយ។ ស្អែកឡើងមីង កី បានទទួលដំណឹងពីអ្នកមកយកបាយកន្លែងចុងភៅប្រាប់ថា ប្ដីរបស់គាត់ឈឺធ្ងន់។ ឮដូច្នោះមីងកីបានសុំឱ្យមីង គ្រីស ជួយមើលកូនឆ្ងាយពិបាកយកកូនទៅតាម។ មីងគ្រីស ឮហើយនិយាយថា កី ឯងយកបាយនិងសាច់ក្របីអាំងខ្លះទៅ ហើយខ្ចប់ដំឡូងស្ងោរខ្លះទៅ ឱ្យវាហូបឆាប់ជាជំងឺ សម័យនេះគ្មានអ្វីក្រៅពីអត់ឃ្លាននោះទេ យើងជាចុងភៅអាចហូបស្រួលមានម្ហូបខ្លះ អ្នកឯទៀតមិនដែលទាំងស្គាល់បាយផង។កុំថាឡើយដល់ម្ហូប។ និយាយរួចមីងគ្រីសដេញមីងកីឲ្យឆាប់ចាកចេញទៅ។
មីងភី ទៅដល់ផ្ទះប្ដីរបស់គាត់ថ្ងៃលិចល្មម។ ពេលគាត់ទៅដល់ឃើញប្ដីរបស់គាត់ដេកស្ទើរតែលែងដឹងខ្លួនទៅហើយ មីងភីក៏ហៅតិចៗថា÷
មីងភី÷ ឪវា! ឪវា! ឯងយ៉ាងម៉េចហើយឈឺប៉ុន្មានថ្ងៃហើយ?
ពូនេត÷ មកហើយឈឺពីរបីថ្ងៃហើយគ្មាននរណាមើលទេ។
មីងភី÷ នរណាមកមើលនៅសម័យនេះនោះ។ ឪវាឯងហូបបាយសិនទៅឱ្យមានកម្លាំងសិន ចាំខ្ញុំឲ្យលេបថ្នាំប្រហែលជាលែងអីហើយ។
ពូនេត÷ ហូបជាមួយអី?
មីងភី÷ ម្ហូបសាច់ក្របីចែគ្រីសឱ្យ ហើយមានដំឡូងជ្វាស្ងោរខ្លះដែរឯងងើបមកខំហូបទៅ លុះត្រាតែទ្រាំទើបរស់បានណាឪវា។
មីងភីគ្រាប្ដីឲ្យងើបរួចគក់ច្របាច់ឱ្យប្ដី។ចំណែកឯពូនេត។ពេលបានឃើញបាយនិងម្ហូបគាត់ខំហូបទាល់តែអស់ហើយសួររកទៀត។ក្រោយពេលគាត់ហូបបាយហើយមីងភីស្រូតមកកន្លែងរបស់គាត់វិញ។ មីងភី តែងលួចលាក់ផ្ញើបាយកញ្ចប់ និងដំឡូងស្ងោតាមអ្នកស្គាល់គ្នាឲ្យមកប្ដីរបស់គាត់។មីងភី តែងលួចយកបាយឬដំឡូងស្ងោពីកន្លែងចុងភៅមកផ្ញើប្ដីហេតុនេះគ្រប់ពេលដែលចុងភៅយកបាយមកឱ្យអ្នកភ្ជួរ ពូនេត តែងចងក្របីរួចលបដើរមកព្រៃក្បែរផ្លូវលួចហូបទាល់តែអស់ ហើយពេលខ្លះគាត់ទុកខ្លះមូរចង្កេះខោទុកហូបនៅផ្ទះទៀត។
ការឃ្វាលក្របីមិនមែនជាការងាយស្រួលនោះទេ។ បើបាត់ក្របីអង្គការច្បាស់ជាយកទៅសម្លាប់ចោល។ មិនដូច្នោះទេ គឺយកទៅទឹមជំនួសក្របីមួយព្រឹក។ថ្ងៃមួយ ពូនេត ឃ្វាលបាត់ក្របីមួយកបាល ព្រោះគាត់មើលក្របីច្រើនពេក។ គាត់ភ័យណាស់គិតថានឹងស្លាប់ជាមិនខានឡើយ។គាត់សម្រេចចិត្តរត់ចោលហ្វូងក្របី ឈប់ឃ្វាលក្របី ឈប់ភ្ជួរស្រែ គាត់រត់កាត់ព្រៃពីកន្លែងមួយទៅកន្លែងមួយយ៉ាងវេទនា មានតែខោអាវខ្មៅមួយចង្កេះដាច់រយ៉ៃដើម្បីគេចពីក្តីស្លាប់ ។ ឈ្លបដឹងហើយដើរតាមរកគាត់តាំងពីព្រឹករហូតដល់យប់។ ពូនេត រត់តាំងពីភូមិតាកុក ឆ្លងកាត់ភ្នំសែនហានទាំងយប់។ នៅសម័យនោះភ្នំសែនហានមានអមដោយភ្នំតូចៗពីរទៀតហ៊ុំព័ទ្ធដោយព្រៃក្រាស់ៗ ដើមឈើធំៗ ជាព្រៃខ្លា ព្រៃដំរី ទោះជានៅវាលទំនាបជើងភ្នំក៏មានព្រៃឈើក្រាស់ៗមើលដាច់កន្ទុយភ្នែកដែរ។ ពេលយប់សត្វខ្លាចេញរកចំណីជួបជាមួយពូនេតគាត់ភ័យណាស់ក៏រត់ចូលនៅក្នុងលូមួយតូចអាចចូលបានត្រឹមខ្លួនមនុស្ស។ ពូនេត ភ័យពេកចេះតែលូនចូលទៅ។ ខ្លាពីរក្បាលដេញដល់រន្ធនោះហើយឈរនៅខាងមុខលូម្ខាងម្នាក់។ វាលូកចូលចាប់ទាញពូនេត តែមិនដល់នៅខ្វះតែមួយចង្អាមទៀតប៉ុណ្ណោះ។ ខ្លានោះនៅយាមរន្ធរហូតដល់ថ្ងៃរះទើបវាចេញទៅលាក់ខ្លួនបាត់។ចំណែក ពូនេត មានឱកាសក៏រត់ចេញបន្តទៀត។ ពូនេត រត់បីយប់បីថ្ងៃអត់បាយ មានតែទឹកប៉ុណ្ណោះ។ គាត់រត់សំដៅទៅរកប្រពន្ធរបស់គាត់ក្រែងប្រពន្ធគាត់បាត់ដំណឹងរបស់គាត់។ ក្នុងគ្រានោះ មីងភី ត្រូវអង្គការផ្លាស់ឱ្យមករស់នៅខាងលិចភ្នំសែនហានក្នុងភូមិត្រពាំងត្រគៀត ឃុំ ដំបូកខ្ពស់ ស្រុកឈូក ខេត្តកំពតវិញ។
ថ្ងៃមួយអង្គការឲ្យមីងភី និងចែគ្រីស យកបាយទៅឱ្យមេកងនៅកន្លែងអ្នកទោស។ ទីនោះជាកន្លែងដាក់អ្នកទោសគេហៅថា”ពួកថ្មី” ។ ពួកថ្មីនេះខ្មែរក្រហមធ្វើបាបជាងពួកចាស់។នៅពេលគាត់ដើរចូលដល់កន្លែងនោះ គាត់ឃើញអ្នកទោសជាច្រើនត្រូវដាក់គុកដាច់ៗពីគ្នា និងចាក់សោជាប់។ ចែគ្រីស និងមីងភីទូលបាយក្នុងកញ្ជើ មានដំឡូងជ្វាស្ងោ និងចេកអំបូងទុំផងនោះសម្រាប់ឲ្យមេកងធំមកពីអង្គការលើ។ ទៅដល់កណ្ដាលបន្ទប់មិនឆ្ងាយពីបន្ទប់អ្នកទោសប៉ុន្មានទេ មេកងធំដែលគ្រប់គ្រងលើក្រុមអ្នកទោស និងជាមេដឹកនាំគ្រប់គ្រងនៅតំបន់នោះទាំងមូលចំនួន ៥ នាក់ ស្លៀកពាក់ខ្មៅ បង់កក្រមា និងស្ពាយកាំភ្លើងមានទាំងគ្រាប់ពេញទាំងខ្លួនបានមកចាត់ចែងពិភាក្សាគ្នាបន្តផែនការតទៅទៀត។ ក្នុងនោះមានម្នាក់ធាត់ មាឌធំចម្លែក គ្មាននរណាស្គាល់គាត់ទេ។ មីងភី និងចែគ្រីសដាក់កញ្ជើបាយនិងចេកអំបូងឲ្យ។ អ្នកទាំងនោះពិភាក្សាគ្នាផង ហូបចេកអំបូងផងនិយាយពីនេះពីនោះគ្មាននរណាដឹងថានិយាយពីអ្វីទេព្រោះអត់មាននរណានៅជិតឡើយមិនហ៊ានទាំងមើលមុខផង។
ចុងឆ្នាំ ១៩៧៨ មីងភីនិងចែគ្រីស ត្រូវអង្គការឲ្យមករស់នៅកងផ្សេងទៀត។ ជីវិតរបស់ពួកគាត់ផ្លាស់ប្ដូរទៅតាមអង្គការកំណត់។ ។ អង្គការបានអនុញ្ញាតឲ្យកូនច្បងរបស់មីងភី មករស់នៅជាមួយគាត់ ព្រោះកូនរបស់គាត់ឈឺ។ ចំណែកឯ ភាព ដែលជាកូនទី ២ របស់គាត់វិញនៅតូចហូបមិនឆ្អែត បានទៅលួចបូតស្លឹកដំឡូងជ្វាទាំងចាស់យកមកស្ងោរជ្រលក់អំបិលហូបធ្វើឲ្យរាគ ស្គម មានតែឆ្អឹងស្លេកស្លាំង ពោះឡើងខៀវ។ មីងភីភ័យណាស់មិនដឹងធ្វើយ៉ាងម៉េចទេមិនដឹងបានថ្នាំពីណាចេះតែជីកឬសឈើដាំទឹកឲ្យហូប។ ក្រោយមកក៏បានធូរបន្តិចម្ដងៗហើយជាឡើងវិញ។ ចំណែកឯពូនេតរត់ចោលជួរ មកតាមរកប្រពន្ធនៅតាមផ្លូវគាត់លួចបេះដូងលួចដំឡូង លួចចេកទុំ

ដែលអ្នកភូមិរត់ចោលស្រុករស់បានមួយគ្រាៗ។ ក្រោយមកគាត់បានជួបអ្នកភូមិជាមួយគ្នាឈ្មោះជន។ គាត់បានរៀបរាប់ប្រាប់ពីរឿងរបស់គាត់តាមរកប្រពន្ធ។ ពូជន បានសុំមេក្រុមឱ្យនៅជាមួយដោយប្រាប់ថា ពូណេតជាសាច់ញាតិរបស់គាត់ហើយក៏បានប្រាប់ពីកន្លែងប្រពន្ធគាត់រស់នៅ។ ពូនេត បាននៅទីនោះក្បែរប្រពន្ធរបស់គាត់។ថ្ងៃមួយយប់ស្ងាត់ពូនេតបានស្កាត់ទៅរកប្រពន្ធ។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print